(បាសេឡូណា)៖ កីឡាករខ្សែបម្រើកណ្តាល Juan Mata ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹប Manchester United នៅពេលត្រូវបានក្លឹបអេស្ប៉ាញ FC Barcelona កំពុងតែសម្លឹងមើលឃើញក្នុងការនាំយក គ្រាដែលរូបគេក៏ជិតដល់ថ្ងៃផុតកិច្ចសន្យានាពេលឆាប់ៗខាងមុខនេះជាមួយក្លឹបបិសាចក្រហម។ នេះបើតាមការចេញផ្សាយរបស់ The Sun នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។

កីឡាករវ័យ ៣០ឆ្នាំ សញ្ជាតិអេស្ប៉ាញ Mata ក៏នឹងត្រូវអស់កិច្ចសន្យាជាក្លឹបបិសាចក្រហមនាពេលចប់រដូវកាល Premier League ឆ្នាំ២០១៨-២០១៩ ហើយនៅពេលនេះក្រុមកំពូលតារាង La Liga បានធ្វើការទាក់ទងចរចាជាមួយ ភ្នាក់ងារផ្ទាល់ខ្លួន ដែលជាឪពុករបស់ Mata គឺលោក Juan Sr ខណៈរូបគេបានស្នើចង់បានកិច្ចសន្យា ២ឆ្នាំជាមួយក្លឹបអេស្ប៉ាញខាងលើ។

សម្រាប់ក្លឹប Barcelona ក៏បានផ្តល់ត្រឹមតែ ១២ខែប៉ុណ្ណោះសម្រាប់ Mata ខណៈរូបគេបានមកកាន់ Manchester United កាលឆ្នាំ២០១៤ ពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃខ្លួនប្រមាណ ៥២លានដុល្លារ គ្រាដែលរដូវកាលនេះ រូបគេលេងបាន ១៩ប្រកួត រកបាន ២គ្រាប់ ពីការចូលលេងសរុប ១៥៨ប្រកួត និងរកបាន ៣២គ្រាប់ចាប់តាំងពីឆ្នាំ២០១៤ មក៕