(ភ្នំពេញ)៖ ក្រុមណាហ្គាវើល នឹងត្រូវជួបក្រុមសិង្ហបុរី Tampines Rovers ក្នុងជើងទី១ នៃវគ្គជម្រុះពានរង្វាន់ AFC Cup 2019 ពូល F នាម៉ោង ៥ល្ងាចថ្ងៃទី០២ ខែមេសាស្អែកនេះនៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីចាញ់ក្រុមក្រសួងការពារជាតិ (ទ័ព) ៤-២ កាលពីម្សិលមិញក្នុងលីគកំពូលកម្ពុជា។ តែយ៉ាងណា លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល ថាមិនប៉ះពាល់ដល់ការប្រកួតស្អែកឡើយ។

លោក មាស ចាន់ណា បានលើកឡើងក្នុងសន្និសីទនាល្ងាចថ្ងៃចន្ទនេះថា ចំពោះលទ្ធផលប៉ះក្រសួងការពារជាតិ វាទាក់ទងនឹងការប្រកួតថ្ងៃស្អែកមែន តែជាការល្អទៅវិញ ដ្បិតពួកគេបរាជ័យក្ដី។ លោកថា «ខ្ញុំគិតថា ល្អវិញ។ ល្អដោយសារអ្វី? ដូចខ្ញុំនិយាយមុនប៉ះការពារជាតិអញ្ចឹង ទី១-ទាក់ទងការប្រកួតជាមួយក្រុម Tampines Rovers, ទី២-មូលហេតុខ្ញុំប្រើយុវជនច្រើន ដោយសារខ្ញុំចង់ផ្ដល់ឱកាសឲ្យគាត់ ទី៣-កីឡាករមួយចំនួនមានរបួស និងទី៤-កីឡាករខ្លះ ប្រមូលអារម្មណ៍មិនបានល្អ»

លោកបន្ដថា «ចំពោះការប្រកួតស្អែកវិញ កីឡាករដែលបាត់បង់ការប្រមូលអារម្មណ៍ ពេលប៉ះក្រសួងការពារជាតិ ពួកគាត់ព្យាយាមធ្វើបានល្អ ដើម្បីត្រៀមការប្រកួតស្អែក ចឹងខ្ញុំគិតថា អត់មានបញ្ហាអីទេ ហើយក៏ជារឿងល្អវិញ ព្រោះកីឡាករ ដែលគាត់មិនបានលេងជាមួយការពារជាតិ ពួកគាត់ដឹងខ្លួនឯងថា មានបញ្ហាអ្វី ដល់អញ្ចឹងពួកគាត់បានបង្កើនការត្រៀមខ្លួនកាន់តែល្អប្រសើរ»

តែយ៉ាងណាលោកនៅតែមានការព្រួយបារម្ភខ្លះ ចំពោះក្រុម Tampines Rovers ព្រោះជាក្រុមល្អមួយក្នុងតំបន់ ទោះបីពួកគេបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ នៃលីគកំពូលសិង្ហបុរីកាលពីរដូវកាលមុនក៏ដោយ។ ប៉ុន្ដែលោកបានប្ដេជ្ញាចិត្ដនឹងធ្វើឲ្យបានល្អបំផុត ដើម្បីដណ្ដើម ៣ពិន្ទុ រក្សាកម្លាតពិន្ទុក្នុងតារាងឲ្យកាន់ប្រកៀកប្រកិតគ្នា។ បច្ចុប្បន្នណាហ្គាវើលមាន ៣ពិន្ទុ តាមពីក្រោយក្រុម Tampines Rovers និងក្រុម Hanoi របស់វៀតណាម ដែលមាន ៤ពិន្ទុស្មើគ្នា៕