(ភ្នំពេញ)៖ អតីតក្រុមជើងឯក ៣សម័យកាល បឹងកេតអែហ្វស៊ី បានជួបការខកចិត្តជាខ្លាំង ក្រោយរបូត ៣ពិន្ទុ ក្រោមថ្វីជើងក្រុមអគ្គិសនីកម្ពុជា (EDC) ១-០ ក្នុងជំនួបសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋានអគ្គិសនីកម្ពុជាកាលពីម្សិលមិញ។

ការប្រកួតដ៏តានតឹងនេះ តង់ទី១ ក្រុមទាំងពីរ មិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ហើយចូលតង់ទី២ ពួកគេបានព្យាយាមសម្រុកគ្នាកាន់តែខ្លាំង។ តែនៅនាទី៧៤ ដោយកីឡាករ ប៊ិន ឧត្តម សមាជិកក្រុមម្ចាស់ផ្ទះបានបង្កកំហុស ២ដង ក៏ទទួលបានកាតលឿង ២ដងស្មើនឹងកាតក្រហម បណ្ដេញចេញពីទីលានប្រកួត។

ទោះបីបាត់បង់សមាជិកម្នាក់ តែ EDC នៅតែមានកម្លាំងទប់ទល់ជាមួយបឹងកេត ហាក់មិនបាក់ទឹកចិត្តឡើយ។ អ្វីដែលធ្វើឲ្យបឹងកេត រួមទាំងអ្នកគាំទ្រមានការខកចិត្ត គឺនៅចុងម៉ោង ដោយកីឡាករ សៀន សុភក្ដ្រា បានស៊ុតបំប៉ោងសំណាញ់ទីបឹងកេត ១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដងនៅនាទី៨៩។

ក្រោយចប់ការប្រកួតបឹងកេត បានបង្ហោះសារសុំទោសលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «យើងបញ្ចប់ក្នុងលទ្ធផលដ៏ខកចិត្ត ជាមួយបរាជ័យ ១-០ នៅនាទីចុងក្រោយ នៃតង់ទី២ បន្ទាប់ពីបរាជ័យក្នុងការរកគ្រាប់បាល់ក្នុងការប្រកួតនេះ។ សុំអភ័យទោសសម្រាប់លទ្ធផលនៅថ្ងៃនេះ យើងសន្យាថានឹងជូនលទ្ធផលដ៏ល្អសម្រាប់អ្នកគាំទ្រនៅប្រកួតបន្ទាប់»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍ទី១ បឹងកេត បានយកឈ្នះក្រុមខ្លាំងភ្នំពេញក្រោន ៣-២ ខណៈ EDC បានចាញ់ក្រុមចំណូលថ្មីខេត្តកំពង់ចាម ១-០។ តែដោយសារលទ្ធផលការប្រកួតសប្ដាហ៍ទី២ របស់ក្រុមបឹងកេត និង EDC បានបញ្ចប់ដោយលទ្ធផលបែបនេះ ទើបធ្វើឲ្យអ្នកគាំទ្រហាក់មិនអស់ចិត្ត ពិសេសអ្នកគាំទ្រក្រុមបឹងកេត រួមទាំងក្រុមបឹងកេតផ្ទាល់តែម្ដង៕