(ភ្នំពេញ)៖ ទស្សនិកជនប្រាកដជាជ្រាប់ច្បាស់ហើយ ថាជាធម្មតាកូនភ្លោះ តែងតែមានចំណង់ចំណូលចិត្តដូចគ្នា មិនថារបររបស់ប្រើប្រាស់ ឬសម្លៀកបំពាក់នោះទេ ពោលគឺមានចិត្តដូចគ្នាតែម្តង សូម្បីតែសេចក្តីស្នេហាក៏ដូចគ្នាដែរ។ ជាក់ស្តែង តារាចម្រៀងប្រុស Twin Boy គឺលោក សុធា និងលោក សុភ័ក្រ វិញ ទោះមានចិត្តដូចគ្នា តែចំពោះរឿងស្នេហា ហាក់ខុសគ្នាស្រឡះតែម្តង ព្រោះខាងបង គឺលោក សុធា ជាគូស្នេហ៍កញ្ញ គង់ ចាន់ រដ្ឋា កំពុងមានគម្រោងរៀបការនាពេលអនាគត និងខាងប្អូន លោក សុភ័ក្រ បែរជាមិនទាន់ចង់បានប្រពន្ធទៅវិញ ព្រោះខ្លាចឈឺចាប់ដោយសារស្នេហា។

ថ្លែងប្រាប់ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» បងប្អូនភ្លោះទាំងពីរ បានបង្ហាញប្រាប់នូវអាថ៌កំបាំងផ្ទាល់ខ្លួនជាច្រើន ខណៈទាក់ទងនឹងរឿងស្នេហ៍លោក សុធា ជាបងបាននិយាយថា «ខ្លួនមានគូស្នេហ៍ហើយ ជាតារាចម្រៀងដូចគ្នា គឺកញ្ញា គង់ ចាន់រដ្ឋា។ ដំបូងឡើយ ទំរាំបានស្រីស្រស់រូបនេះជាគូស្នេហ៍ ក៏មានការបើកផ្លូវពីប្អូនប្រុសដែរ ព្រោះកូនភ្លោះទាំងពីរស្រឡាញ់មនុស្សស្រីតែមួយ។ បន្ទាប់ពីគង់ ចាន់រដ្ឋា ធ្លាក់លើដៃ លោក សុធា អ្នកទាំងពីរបានស្វែងយល់ចិត្តជាច្រើនឆ្នាំមកហើយ ក៏បានភ្ជាប់ពាក្យជាគូដណ្តឹងនឹងគ្នា ដើម្បីរៀបការនៅថ្ងៃអនាគត។ និយាយដល់ចំណុចនេះ លោក សុធា បាននិយាយថា គម្រោងរៀបការចេះតែមានហើយ ប៉ុន្តែមិនទាន់កំណត់ ខណៈបច្ចុប្បន្នពីរនាក់គូដណ្តឹង គឺដឹងតែរកលុយ សន្សំឱ្យបានច្រើនរៀងខ្លួនប៉ុណ្ណោះ»

ដោយឡែក ងាកមកប្អូនភ្លោះ ដែលមានឈ្មោះថា សុភ័ក្រ វិញ សម្រាប់រឿងរ៉ាវស្នេហ៍ គឺខុសគ្នាដាច់ស្រឡះជាមួយបងប្រុសតែម្តង ព្រោះចាប់តាំងពីស្រឡាញ់ កញ្ញា គង់ ចាន់រដ្ឋា មិនបាន ដោយទុកនាងឱ្យបងប្រុសមក លោក សុភ័ក្រ ហាក់មិនអើងពើរឿងស្នេហាទៀតនោះទេ ព្រោះគិតថាខ្លាចឈឺចាប់ ដោយសារស្នេហ៍ម្តងទៀត។ បន្ថែមពីនេះ លោកថា បច្ចុប្បន្នគិតតែរកលុយមួយមុខ ទាន់ខ្លួននៅក្មេង ហើយក៏មិនទាន់ចង់បាននារីម្នាក់ណាមកធ្វើជាម្ចាស់បេះដូងដែរ ព្រោះមិនទាន់ពេញចិត្ត។ និយាយដល់ចំណុចនេះ លោកបន្តថា បើស្រឡាញ់នារីណាម្នាក់ គឺលោកច្បាស់លាស់ យកធ្វើជាភរិយាតែម្តង។

ថ្លែងបន្ថែមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» បងប្អូនភ្លោះទាំងពីរ បាននិយាយពីដើមកំណើត នៃការឈានជើងចូលវិស័យសិល្បៈយ៉ាងដូច្នេះថា ទំរាំបានក្លាយជាតារាចម្រៀងមានទីផ្សារដូចបច្ចុប្បន្ន កូនភ្លោះទាំងពីរ បានដឹងដៃគ្នាទៅប្រឡងចម្រៀងក្នុងកម្មវិធីមួយ ខណៈកាលណោះ ឡើងប្រឡងដោយច្រៀងទោល ប៉ុន្តែដោយសារកូនភ្លោះ និងមានដំបូន្មានពីលោកគ្រូផ្នែកសិល្បៈ ទើបចាប់ដៃច្រៀងទាំងពីរនាក់ជាមួយគ្នាតែម្តង ព្រោះគិតថាប្លែក និងអាចទាក់ទាញទស្សនិកជន។ បច្ចុប្បន្នតារាកូនភ្លោះទាំងពីរ ច្រៀងជាក្រុម ដោយមានអ្នកទាំងពីរ និងកញ្ញា គង់ ចាន់រដ្ឋា។ ទោះការចាប់ជាក្រុមមានការគាំទ្រច្រើន ប៉ុន្តែលោក សុធាថា ខាងមុខដ៏ខ្លី នឹងមានការច្រៀងទោលម្តង ដើម្បីឱ្យទស្សនិកជនប្លែកអារម្មណ៍។

គួរជម្រាប់ថា តារាចម្រៀង Twin Boy លោក សុធា និងលោក សុភ័ក្រ ក្រៅពីការងារសិល្បៈជោគជ័យហើយនោះ អ្នកទាំងពីរក៏មានមុខងារក្នុងជួរមន្ត្រីរាជការដែរ ដោយមានតួនារីជានរគបាល ទាំងពីរនាក់តែម្តង៕