(ភ្នំពេញ)៖ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០១៩ បានបើកការប្រកួតផ្លូវការហើយ ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនី មកពីរាជធានី-ខេត្តសរុប ១,៦០៥នាក់ បានចូលរួម។ ពិធីបើកការប្រកួតនេះ បានធ្វើឡើង នៅវិមានពហុកីឡដ្ឋានជាតិ ក្រោមវត្តមានលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងសប្ដាហ៍កន្លងទៅ។

លោក សុខ សប្បាយ បានថ្លែងថា ការប្រកួតក្របខណ្ឌសិស្សបឋមសិក្សានេះ គឺមានកីឡា ៤ប្រភេទ រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងកីឡាអត្តពលកម្ម ។ លោកបានចាត់ទុកនេះគឺជាការប្រកួតដ៏ល្អ ដែលអាចចម្រាញ់បាននូវធនធានកីឡាករ-កីឡាការិនីថ្នាលល្អ សម្រាប់បណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាកីឡាករ-កីឡាការិនីជម្រើសជាតិ សម្រាប់ចូលរួមប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា នាថ្ងៃអនាគត ពិសេសការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង។

គោលបំណងសំខាន់ក្នុងការប្រកួតនេះ មានដូចជា៖ ទី១-បំផុសសកម្មភាពអប់រំកាយ និងកីឡាកីឡា តាមគ្រឹះស្ថានសិក្សាគ្រប់រាជធានី-ខេត្ត។ ទី២-លើកកម្ពស់សុខុមាលភាពល្អ វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងការតស៊ូ ដើម្បីទទួលបានលទ្ធផលល្អ ទាំងការសិក្សា និងលេងកីឡា។ ទី៣-លើកទឹកចិត្តអ្នកលេងកីឡា និងអ្នកមានឧបនិស្ស័យ ដើម្បីជ្រើសរើសចូលថ្នាល ហើយបណ្ដោះបណ្ដាលត្រៀមចូលរួមប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។

ដោយឡែកទី៤-បង្កលក្ខណៈឲ្យសិស្សស្គាល់គ្នា រឹតចំណងមិត្តភាព សាមគ្គីភាព ដើម្បីចេះធ្វើការងារជាក្រុមក្នុងសង្គម និង៥: ផ្តល់ឱកាសដល់អ្នកលេងកីឡាបានស្គាល់តំបន់ផ្សេងៗ ក៏ដូចជារមនីយដ្ឋានទេសចរណ៏នានា ដើម្បីបណ្តុះគំនិតឲ្យចេះស្រឡាញ់ ចេះថែរក្សាសម្បត្តិវប្បធម៌ជាតិ និងបណ្តុះគំនិតស្នេហាជាតិជាដើម។ នេះគឺជាសម្ដីរបស់លោក សុខ សប្បាយណា ហើយលោកក៏សង្ឃឹមថា នឹងទទួលបានផល តាមរយៈការសង្កេតរបស់ក្រុមគណៈកម្មការជំនាញ នៃប្រភេទកីឡានីមួយៗផងដែរ៕