(ភ្នំពេញ)៖ ក្រុមបាល់ទាត់ផលិតកម្មមហាហង្ស ដែលមានរហស្សនាម Mohahong All Star បានបញ្ចប់ការប្រកួតសន្សំពិន្ទុពូល C នៃពានរង្វាន់ KMH Champions League 2019 ហើយ ដោយឈរកំពូលតារាង និងមាន១៥ពិន្ទុ ហើយថ្នាក់ដឹកនាំក្រុម បានប្ដេជ្ញានឹងបង្កើនការហ្វឹកហាត់ទ្វេដង ដើម្បីត្រៀមប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ឬវគ្គ ១/៨ផ្ដាច់ព្រ័ត្រ នៃពានមានប្រាក់រង្វាន់ ១៦,០០០ដុល្លារសម្រាប់ក្រុមជើងឯកនេះ ។

ក្រុម Mohahong All Star បានទទួល ៣ពិន្ទុយ៉ាងងាយ ពីការប្រកួតបញ្ចប់ពូលយប់មិញ ដោយគណៈកម្មការបានសម្រេចផ្ដល់ជ័យជម្នះ ៣-០ ដោយស្វ័យប្រវត្តិ ព្រោះគូប្រជែង គឺក្រុមព្រៃឃ្នេស មានសមាជិកមកគ្រប់លក្ខខណ្ឌប្រកួត ។ តែដោយសារក្រោយរង់ចាំជាយូ សមាជិកក្រុមព្រៃឃ្នេសមកបណ្ដើរៗ អាចប្រកួតបាន គណៈកម្មការក៏អនុញ្ញាតឲ្យក្រុមទាំងពីរ ធ្វើការប្រកួតលក្ខណៈមិត្តភាព ត្បិត ៣ពិន្ទុបានទៅក្រុម Mohahong All Star រួចទៅហើយ។

លោក អ៊ិន សុភិន ស្ថាបនិក និងជាប្រធានក្រុម Mohahong All Star បានសម្ដែងការពេញចិត្តជាខ្លាំង ចំពោះកូនក្រុមខ្លួន ដែលធ្វើបានយ៉ាងល្អ ក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល ទោះបីនេះគឺជាការចូលរួមលើកដំបូង ។ ប៉ុន្ដែដើម្បីត្រៀមឲ្យបានល្អ និងសម្រេចគោលដៅក្រុមចង់បាន លោកអះអាងថា ទោះបី Mohahong All Star គឺជាក្រុមប្រជុំដោយតារាសម្ដែង និងតារាចម្រៀងក្ដី តែលោកនឹងធ្វើការប្រមូលផ្ដុំ និងបង្កើនការហ្វឹកហាត់ ២ ទៅ៣ ដង បើធៀបនឹងការប្រកួតសន្សំពិន្ទុ ដើម្បីប្រជែងកៅអីវគ្គបន្ដ។

ជាមួយនឹងការបញ្ចប់ការប្រកួតជម្រុះក្នុងពូល អមដោយលទ្ធផលដ៏ល្អនេះ លោក អ៊ិន សុភិន បានបង្ហាញក្ដីបារម្ភមួយចំនួនដែរ ដែលក្រុមត្រូវប្រឈរមុខជាមួយក្រុមខ្លាំងៗជាច្រើន។ ប៉ុន្ដែយ៉ាងណាលោកនៅតែមានជំនឿចិត្តលើកូនក្រុមរបស់ខ្លួននឹងធ្វើបានល្អ ដើម្បីសម្រេចគោលដៅបន្ទាប់ ស្របពេល Mohahong All Star បានកំណត់គោលដៅដណ្ដើមកៅអីវគ្គ ៤ក្រុមចុងក្រោយឲ្យបាន។ បន្ថែមលើនេះ លោកបានសង្កត់ធ្ងន់ថា កីឡាឈ្នះ-ចាញ់ គឺជារឿងធម្មតា សំខាន់ត្រូវឲ្យអស់ពីសមត្ថភាព Fair-Play និងមិត្តភាពជាសំខាន់។

សូមបញ្ជាក់ថា សម្រាប់ពូល C នៃពានរង្វាន់ពាក់កណ្ដាលអាជីពដ៏ធំក្នុងស្រុកនេះ ក្រុម Mohahong All Star បានឈរកំពូលតារាង ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ៥ និងចាញ់ ១ មាន ១៥ពិន្ទុ នាំក្រុមអាណាចក្របៃតង ដែលជាក្រុមលេខ៣ ឆ្នាំមុន ២ពិន្ទុ ប៉ុន្ដែយ៉ាងណាក្រុមទាំងពីរ បានដឹកដៃគ្នា ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយដូចគ្នា តែត្រូវរង់ចាំការប្រកួតចាប់ឆ្នោត ដើម្បីធ្វើការប្រកួតដណ្ដើមកៅអីវគ្គ ៨ក្រុមចុងក្រោយបន្ដ នាពេលឆាប់ៗខាងមុខ៕