(ក្រុងឡុងដ៍)៖ ក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City នឹងឡើងទៅឈរនៅកំពូលតារាងនៃ Premier League ប្រសិនបើអាចយកឈ្នះក្រុមម្ចាស់ផ្ទះ Fulham នារាត្រីថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩ ក្នុងសប្តាហ៍ទី៣១ ជើងទី២។

ក្រុមរបស់លោក Pep Guardiola បានកំពុងតែឈរនៅលេខ២ មាន៧៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង ហង្សក្រហម Liverpool ដែលនៅសល់១ប្រកួតត្រូវប៉ះម្ចាស់ផ្ទះ Fulham ដែលពួកគេធ្លាប់បានយកឈ្នះ ២-០ កាលពីជើងទី១ នាក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៨-២០១៩ នេះ។

ប្រសិនបើពួកគេអាចយកបាន ៣ពិន្ទុនាយប់នេះពីក្នុងផ្ទះ Fulham ពិតមែននោះ នឹងធ្វើឲ្យក្រុមម្ចាស់ជើងឯក Man City មួយនេះ រកបាន ៧៧ពិន្ទុ ក្នុងខណៈនៅសល់ ៧ប្រកួតទៀតនឹងបិទរដូវកាលនេះ មុនពេលស្វាគមន៍ក្រុម Cardiff City នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ សប្តាហ៍ក្រោយ មុនពេលធ្វើដំណើរទៅប៉ះជើងខ្លាំង Tottenham Hotspur សម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League៕