(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានធ្វើការចែកប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬហៅថា បសស ដល់អ្នកកីឡាចំនួន ៣២០នាក់ ដើម្បីទទួលការព្យាបាលដោតឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

ពិធីចែកប័ណ្ណ បសស នេះបានធ្វើឡើងនៅទីស្នាក់ការ NOCC ក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអគ្គលេខាធិការ NOCC ហើយក៏មានការចូលរួមពីមន្ដ្រី បេឡាជាតិរបបសន្តិសុខសង្គម រួមទាំងថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី សហព័ន្ធកីឡាជាតិមួយចំនួន ដែលបានបញ្ជូនឈ្មោះធ្វើប័ណ្ណ បសស រួចរាល់ផងដែរ ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះគឺជាជំហានដំបូង ដែល NOCC សហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម ធ្វើការងារជាមួយសហព័ន្ធកីឡាជាតិ ដើម្បីធ្វើប័ណ្ណ បសស ជូនថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៣២០នាក់ ដែលជាយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកការអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ក៏ដូចជាផ្ដល់ភាពកក់ក្ដៅក្នុងការហ្វឹកហាត់របស់ក្រុមជម្រើសជាតិផងដែរ ។

ទន្ទឹមជាមួយគ្នា លោកបានធ្វើការអំពាវនាវដល់គ្រប់សហព័ន្ធកីឡាជាតិ ដែលមិនទាន់បញ្ជូនឈ្មោះកីឡាករ-កីឡាការិនី មកធ្វើប័ណ្ណនេះ ត្រូវរួសរាន់បញ្ជូនមក NOCC ឬបេឡាជាតិរបបសន្តិសុខសង្គមឲ្យបានលឿន ដើម្បីទទួលនូវប្រយោជន៍ព្យាបាលដោយឥតគិតថ្លៃ ដ្បិតគិតត្រឹមជំហានដំបូង ទើបមានសហព័ន្ធកីឡាជាតិចំនួន ១៧ ឬស្មើនឹងប្រមាណ ២០% ប៉ុណ្ណោះ ដែលបានបញ្ជូនឈ្មោះធ្វើប័ណ្ណ បសស និងទើបចែកជូនពេលនេះ ។

ដោយឡែកតំណាងសហព័ន្ធ និងកីឡាករ-កីឡាការិនី បន្ទាប់ពីទទួលបានប័ណ្ណ បសស ខាងលើ ពួកគេបានសម្ដែងក្ដីរីករាយ និងត្រេកអរជាខ្លាំង ហើយក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅបន្ថែមទៀត ដល់គ្រួសារកីឡាកម្ពុជា តាមរយៈការផ្ដល់ប័ណ្ណព្យាបាលជំងឺដោយឥតគិតថ្លៃ ។ ដូច្នេះពួកគេ បានប្ដេជ្ញានឹងខិតខំហ្វឹកហាត់ និងប្រកួតប្រជែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកមេដាយជូនជាតិកាន់តែច្រើនថែមទៀត ។

ចំណែកតំណាងបេឡាជាតិរបបសន្តិសុខសង្គម ដែលចូលរួមកម្មវិធីនេះ បានថ្លែងថា បន្ទាប់ពីទទួលបានប័ណ្ណ បសស សូមថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី កុំមានការព្រួយបារម្ភ ចំពោះការទៅព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋអី ព្រោះគ្រាន់តែបង្ហាញប័ណ្ណនេះ គ្រប់មន្ទីរពេទ្យរដ្ឋនឹងទទួលព្យាបាលដូចគ្នានឹងអ្នកព្យាបាលដោយបង់ថ្លៃដែរ ។ មិនតែប៉ុណ្ណោះ លោកបានលើកទឹកចិត្ត និងហាមឃាត់ដាច់ខាត មិនត្រូវមានការហុចមុខហុចក្រោយ(ឲ្យលុយ) ដល់មន្ទីរពេទ្យណាមួយឡើយ ហើយក្រុមមន្ទីរពេទ្យរដ្ឋ ក៏មិនតម្រូវ ឬទាមទាឲ្យមានការបង់ប្រាក់បន្ថែមដែរ៕