(ក្រុងឡុងដ៍)៖ លោក Ralph Hasenhuttl គ្រូបង្វឹកក្លឹប Southampton បានសម្រេចបិទ wi-fi នៅសណ្ឋាគារ ដើម្បីជៀសកីឡាករលេងហ្គេម Online ជា​ជាងយកចិត្តទុកដាក់ក្នុងការប្រកួត ខណៈដែលក្រុមកំពុងតែដុនដាបផងដែរនោះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា គ្រូបង្វឹក Ralph បានកំពុងតែជួបបញ្ហាកូនក្រុមវក់នឹងការលេងហ្គេម Online ដូចកាលលោកនៅដឹកនាំក្លឹបអាល្លឺម៉ង់ RB Leipzig ដែលលោកបានប្រៀបធៀបដូចអ្នកញៀនថ្នាំ និងអាល់កុលផងដែរ មុនពេលពួកគេត្រូវប្រជែងយក ៣ពិន្ទុ ពីក្រុមម្ចាស់ផ្ទះ Brighton & Hove Albion នារាត្រីថ្ងៃសៅរ៍ ស្អែកនេះក្នុងសប្តាហ៍ទី៣១ ជើងទី២ នៃ Premier League។

គ្រូបង្វឹកសញ្ជាតិអូទ្រីស ដែលបានចូលដឹកនាំ Southampton កាលពីខែធ្នូ ឆ្នាំ២០១៨ បានថ្លែងថា បច្ចុប្បន្នគ្មានកូនក្រុមណាមួយ​របស់លោកវក់នឹងល្បែង Online នោះទេ ខណៈដែលលោកមិនចង់ឲ្យកើតមានដូចគ្នា ដែលអ្នកត្រូវប្រាកដថា «ខ្ញុំតែងតែទាក់ទងជាប់ជានិច្ចជាមួយប្រធានក្រុម ឬក៏កីឡាករ ២ ទៅ ៣នាក់ អំពីបញ្ហាហ្គេម បញ្ហា សុខភាព ដោយមិនបានសម្រាកគ្រប់គ្រាន់ ជាពិសេសនៅពេលយប់ ដោយសារតែហ្គេម»

គួរបញ្ជាក់ផងថា បច្ចុប្បន្ន Southampton បានកំពុងតែស្ថិតនៅលេខរៀងទី១៦ បណ្តោះអាសន្ន ដោយនៅក្រៅតំបន់ កាត់ចេញពី Premier League ត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ គ្រាដែលនៅសល់ ៨ប្រកួតទៀតបិទរដូវកាលឆ្នាំ២០១៨-២០១៩ នេះជាផ្លូវការ៕