(ក្រុងអាយរេស)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Gonzalo Higuain បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន ជាផ្លូវការហើយ ក្រោយរួមរស់អស់រយៈពេល ៩ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០០៩ មក។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កីឡាករដែលកំពុងប្រកបអាជីពបាល់ទាត់នៅក្នុងក្លឹបអង់គ្លេស តោខៀវ Chelsea បានចូលលេងឲ្យក្រុមពពកសអាហ្សង់ទីនបាន ៧៥ប្រកួត និងរកគ្រាប់ស៊ុតបញ្ចូលទីបាន ៣១គ្រាប់ផងដែរ តែបានខកខានឱកាសមាសចំនួន ២ដង ពេលអាហ្សង់ទីនលេងវគ្គផ្តាច់ព្រ័ត្រទល់នឹងអាល្លឺម៉ង់ ដណ្តើមពាន FIFA World Cup 2014 នៅប្រេស៊ីល និងវគ្គផ្តាច់ព្រ័ត្រពាន Copa America 2015 ពេលអាហ្សង់ទីនចាញ់ឈីលី។

កីឡាករមានវ័យ ៣១ឆ្នាំ Higuain ត្រូវបានក្លឹបអ៊ីតាលី Juventus ចុះកិច្ចសន្យាឲ្យក្លឹប Chelsea ខ្ចីជើងមួយរយៈកាលខែមករា ឆ្នាំ២០១៩ បន្ទាប់ពីបំពេញតួនាទីមិនបានល្អផងនោះ៕