(កូរ៉េ)៖ អតីតសមាជិកក្រុម BIGBANG ដ៏ល្បី Seungri កំពុងជាប់ពាក់ព័ន្ធនឹងករណីជាច្រើន បន្ទាប់ពីកើតហេតុការណ៍នៅក្លឹប Burning Sun ហើយ​ពេលនេះប៉ូលីសក៏បានចោទប្រកាន់តារាប្រុសរូបនេះ ទាក់ទងនឹងការចែកចាយរូបភាពខុសច្បាប់ផងដែរ។

ប៉ូលីសបានឲ្យដឹងថា Seungri បានសារភាពថា ខ្លួនពិតជាបានចែកចាយរូបភាពវីដេអូ ដែលមាននៅក្នុង​កាមេរ៉ាបង្កប់នោះទៅដល់មិត្តភក្តិក្នុងក្រុមជជែក (Group chat) មែន ប៉ុន្តែបដិសេធថា លោកមិនបានលួចថតវាដោយខ្លួនឯងទេ ដោយគ្រាន់តែបានទទួលវាពីអ្នកផ្សេងប៉ុណ្ណោះ។

បច្ចុប្បន្នប៉ូលីសកំពុងស៊ើបអង្កេត ថាតើនរណាជាអ្នកថតសកម្មភាពផ្លូវភេទនៅក្នុងវីដេអូនោះ។ បន្ទាប់ពីជាប់ពាក់ព័ន្ធ​នឹងសកម្មភាពចែកចាយវីដេអូខុសច្បាប់ហើយ ពេលនេះ Seungri កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីសផងដែរ បន្ទាប់ពីត្រូវបានគេសង្ស័យថា លោកជាអ្នកផ្តល់សេវាពេស្យាចារ និងឧបទ្ទវហេតុជាច្រើនទៀតជុំវិញបញ្ហានៅក្លឹប Burning Sun ។

គួរបញ្ជាក់ថា ថ្មីៗនេះ Seungri រងការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីរូបគេហាក់ព្យាយាមទម្លាក់កំហុសទាំងស្រុងមកលើ Jung Joon Young ហើយអ្នកគាំទ្រក៏បានទាមទារឲ្យអតីតសមាជិក BIGBANG រូបនេះ ឆាប់សារភាពកំហុសរបស់ខ្លួន៕