(ភ្នំពេញ)៖ តារាចម្រៀងប្រុស ដែលមានសំនៀងក្រអូនក្រអៅ និងមានភាពល្បីល្បាញកាលពីជាង ១០ឆ្នាំមុន គឺលោកចាន់ សម័យ បើទោះបីជាលោកខកខាន មិនបានប្រឡូកក្នុងវិស័យសិល្បៈជាង ១០មកហើយនោះ ស្រាប់តែពេលនេះផងដែរ លោក ចាន់ សម័យ ធ្វើឲ្យប្រិយមិត្តទស្សនិកជន មានការចាប់អារម្មណ៍ជាថ្មី ដោយស្ងាត់ៗ លោក បានបញ្ចេញនូវ MV បទចម្រៀងថ្មី ដែលមានចំណងជើងថា «បាត់ស្រីទៅណា» ដែលជាចង្វាក់ប្រពៃណីខ្មែរ ពោលគឺចង្វាក់តាលុង យ៉ាងពីរោះរណ្ដំចិត្ត ដែលស្ថិតនៅក្នុងផលិតកម្ម Galaxy។

លោក ម៉ានុត រាជ ជាតំណាងម្ចាស់ផលិកម្មGalaxy បាន អះអាងថាលោក ចាន់ សម័យ មិនត្រឹមតែមិនប្រែប្រួលសំលេងដែលអ្នកខ្លះយល់ថា អាចនឹងមិនពិរោះដូចមុននោះទេ ពោលគឺពិរោះជាងមុនទៅទៀត ជាពិសេសគឺការលើកដាក់សំឡេង របស់លោក តែម្ដង ហើយលោក ថែមទាំងមានការរំពឹងខ្ពស់ថា បទម្រៀងរបស់ លោក ចាន់ សម័យ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន។ បទចម្រៀងរបស់លោក ចាន់ សម័យ សុទ្ធតែត្រូវបាន សម្រិតសម្រាំងយ៉ាងពិសេស ដោយលោកបានទាំងរំពឹងថា បទចម្រៀង ដែលទើបតែបានបញ្ចប់MV ហើយដាក់បង្ហោះនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសនៅពេលអ្នកគាំទ្រ តារាចម្រៀងរូបនេះទាំងអស់ ដឹងថា លោក ចាន់ សម័យ ចាប់ផ្ដើមមានបទឡើងវិញ ។ លោកថា បទ «បាត់ស្រីទៅណា» គឺជាបទមរតកដើមប៉ុណ្ណោះ ប៉ុន្តែដោយសារតែបទចម្រៀងនេះ លោក ចាន់ សម័យ បកស្រាយបានពិរោះ ទើបធ្វើអោយកើន View (ចំនួនអ្នកចូលទស្សនា) គួរអោយកត់សម្គាល់នៅលើសង្គមយូធូប ផងដែរ ។

ដោយឡែក ចំពោះការចេញបទចម្រៀង នៅក្នុងផលិតកម្ម Galaxy នេះ គេមិនទាន់ដឹងនៅឡើយទេថាតើលោក ចាន់ សម័យ បានកុងត្រាច្រៀងផ្ដាច់មុខអោយផលិតកម្ម Galaxy ឬយ៉ាងណានោះទេ ប៉ុន្តែបើយោងតាមការទម្លាយពី លោក ម៉ានុត រាជ ដែល ជាអ្នកបានកាន់ក្ដាប់ តំណែងជាអ្នកដឹកនាំសម្ដែង និងជាអ្នកផលិតបទចម្រៀង ជាច្រើនអោយផលិតកម្ម Galaxy នាពេលចុងក្រោយ បានអះអាងថា លោក ចាន់ សម័យ នឹងមានបទចម្រៀងច្រើនទៀត ក្រៅពីបទចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលទើបបង្ហោះឡើង ដើម្បីស្ទាបស្ទង់ លើទីផ្សារសិល្បៈនេះ។

ជាមួយនឹងចម្រៀងថ្មី របស់លោក ចាន់ សម័យ ដែលមានចំណងជើងថា «បាត់ស្រីទៅណា» គឺពិតជាមានអត្ថន័យ កម្សត់ពិរោះ លន្លង់លន្លោច ដែលបង្ហាញពីស្នេហាកម្សត់ លាយឡំជាមួយនឹងទឹកដមសំឡេង ដ៏ក្រអួនក្រអៅ គឺរិតតែធ្វើឲ្យ បទចម្រៀងទាំងមូល កាន់តែក្លាយជាទីចាប់អារម្មណ៍ របស់ទស្សនិកជនអ្នកគាំទ្របន្ថែមទៀត៕