(ភ្នំពេញ)៖ បើនិយាយពី Twin Boy ទស្សនិកជនប្រហែលជាកំពុងគិតហើយថា តើតារារូបណាទៅ? ហើយហេតុអ្វីបានជា ក្នុងចំណោមអ្នកទាំងពីរ មានម្នាក់ត្រូវបានមហាជនហៅថា «Hero»? ពិតណាស់ ក្នុងចំណោមអ្នកទាំងពីរ មានម្នាក់បានសាងនូវការចាប់អារម្មណ៍ និងត្រូវបានទស្សនិកជនកោតសរសើរយ៉ាងខ្លាំង ក្នុងការជួយការងារសង្គម ពោលគឺជួយជីវិតមនុស្ស ខណៈកំពុងបំពេញភារៈកិច្ចជាប៉ូលីសចរាចរណ៍។ ហេតុនេះទើបទស្សនិកជនចង់ដឹង ថាតើបុរសចិត្តធម៌ម្នាក់នោះជាម្នាក់ណាឱ្យប្រាកដ ព្រោះកន្លងមកទស្សនិកជននៅតែយល់ច្រឡំ ដោយសារអ្នកទាំងពីរមានមុខមាត់ដូចគ្នាប៉ះដាក់។

ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសោរ៍ចុងសប្តាហ៍នេះ លោក ស៊ីន សុភា និងលោក ស៊ីន សុភ័ក្រ តារាចម្រៀង Twin Boy នឹង​ចូលរួមជាតារាកិត្តិយស ដើម្បីមកបំភ្លឺនូវរាល់អាថ៌កំបាំងផ្ទាល់ខ្លួននានារបស់អ្នកទាំងពីរ ដល់ទស្សនិកជនឱ្យបានជ្រាប់កាន់តែច្បាស់។ លើសពីនេះ ក្រៅពីម្នាក់ជួយសង្គ្រោះជីវិតមនុស្ស ក៏មានម្នាក់ទៀតក្នុងចំណោម Twin Boy ជាអនាគតស្វាមី របស់តារាចម្រៀងស្រី ម្ចាស់បទ «កុំហៅខ្ញុំថាស្រីចាស់» គង់ ចាន់រដ្ឋា ផងដែរ។

ដូច្នេះ ដើម្បីបង្ហាញដល់ទស្សនិកជនឱ្យជ្រាបកាន់តែច្បាស់ ទាក់ទងនឹងរឿងរ៉ាវខាងលើ, ចំណង់ចំណូលចិត្តក្នុងលក្ខណៈជាកូនភ្លោះ និស្ស័យស្រឡាញ់នារីជាគូអនាគតដូចគ្នាឬយ៉ាងណា ព្រមទាំងអាថ៌កំបាំងផ្ទាល់ខ្លួននានា នៅពីក្រោយការងារសិល្បៈនោះ លោកនឹងមកបង្ហាញទស្សនិកជន តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕