(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបបាល់ទាត់បឹងកេតអែហ្វស៊ី ជា វេសលី ដែលទទួលបានឱកាសក្នុងការកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ចូលរួមប្រកួតវគ្គជម្រុះ AFC U-23 Championship 2020 ចាប់ពីថ្ងៃទី២២-២៦ ខែមីនា ឆ្នាំ២០១៩ កន្លងមក បានបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយនៃពូល H ទល់នឹងក្រុមឆាយនីសតៃប៉ិ អាយុក្រោម ២៣ឆ្នាំ។

បទពិសោធន៍ដែលទទួលបានពីកាតព្វកិច្ចដ៏សំខាន់មួយនេះ វេសលី បានលើកឡើងថា «នៅទីនេះមានការប្រកួតប្រជែងខ្ពស់ ព្រោះកីឡាករជម្រើសជាតិសុទ្ធតែខ្លាំងៗ ហើយលើសពីនេះ ការលេងនៅជម្រើសជាតិ គឺតំណាងជាតិ វាគឺក្តីស្រមៃខ្ញុំក្នុងអាជីព»

ក្នុងបញ្ជីកីឡាករប្រកួតជម្រើស ១១នាក់ដំបូង និងលេងបាន ៧៧នាទី យុវជនវ័យក្មេងរបស់បឹងកេត វេសលី បានបង្ហាញពីចំណាប់អារម្មណ៍ប្រាប់គេហទំព័ររបស់ក្លឹបថា «ខ្ញុំមានអារម្មណ៍ថា រំភើប និងមានមោទនភាពដែលបានពាក់អាវជម្រើសជាតិលើកដំបូងក្នុងអាជីពបាល់ទាត់»

វេសលី បង្ហាញពីចំណុចវិជ្ជមានថា ការចូលរួមជាមួយក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំរបស់កម្ពុជានេះ នឹងជួយឱ្យសមត្ថភាពរបស់ខ្លួនកើនឡើងពេលត្រឡប់ទៅក្លឹបវិញ ដើម្បីទទួលបានឱកាសលេងច្រើនថែមទៀត។

សូមបញ្ជាក់ផងថា ក្នុងព្រឹត្តិការណ៍វគ្គជម្រុះពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីនេះ កីឡាករបឹងកេត ៤រូប ដែលទទួលបានការកោះហៅ រួមមានអ្នកចាំទី ហ៊ុល គីមហ៊ុយ ខ្សែការពារ ទេស សម្បតិ្ត, សេត រ៉ស៊ីប និងខ្សែប្រយុទ្ធ ជា វេសលី៕