(តូក្យូ)៖ ការប្រកួតប្រដាល់ ONE Championship កម្រិតពិភពលោកនឹងធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ រវាងកីឡាករជើងខ្លាំង ៣គូ នាចុងសប្តាហ៍នេះ រួមមានកីឡាករហ្វីលីពីន Eduard Folayang ត្រូវឡើងការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ Lightweight World Championship ទល់នឹងកីឡាករជប៉ុន Shinya Aoki ខណៈកីឡាករមីយ៉ាន់ម៉ា Aung La N Sang ម្ចាស់ខ្សែក្រវាត់ ២ស្ថាប័នត្រូវប៉ះគូប្រជែង Ken Hasegwa ក្នុងប្រភេទ Midole Weight World Championship។

ទន្ទឹមគ្នានោះ កីឡាការិនីចិន Xiong Jing Nan ត្រូវប៉ះកីឡាការិនីសិង្ហបុរី Angela Lee ដែលជាការប្រកួតស្វែងរកកីឡាការិនីជើងខ្លាំងកម្រិត Strawweight World Championship ថែមទៀតផង។

ការប្រកួតដែលនឹងធ្វើឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុង Tokyo ប្រទេសជប៉ុន ក្នុងសង្វៀន Ryogoku Kokugikan ក៏នៅមានការប្រកួតរវាងអ្នកប្រដាល់ហ្វីលីពីន Kevin Belingon ត្រូវធ្វើការដណ្តើមខ្សែក្រវាត់កម្រិត Bantamweight World Championship ពីកីឡាករជើងខ្លាំងនៃតំបន់អាមេរិកឡាទីន សញ្ជាតិប្រេស៊ីល Bibiano Fernandes វ័យ ៣៨ឆ្នាំទៀតផង។

សម្រាប់ការប្រកួតខាងលើនេះ ក៏នៅមានកីឡាករនៃតំបន់អាស៊ានសញ្ជាតិថៃ ២រូប ចូលរួមប្រកួតផងដែរ ដោយមានកីឡាករ Yodsanklai ត្រូវប៉ះកីឡាករ Andy Souwer និងកីឡាករ Rodtang ប៉ះកីឡាករ Hakim Hamech៕