(សៀមរាប)៖ អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា បានសម្ដែងការហួសចិត្តជាខ្លាំង ចំពោះករណីក្រុមបាល់ទាត់ម្ចាស់ផ្ទះខេត្តសៀមរាប និងក្រុមភ្ញៀវខេត្តឧត្តរមានជ័យ ប៉ះទង្គិចគ្នាក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្តកាលពីម្សិលមិញ ខណៈលទ្ធផលចប់ការប្រកួតខេត្តសៀមរាប បានយកឈ្នះ ២-១។

សម្រាប់ជំនួបក្នុងពូល E នេះ តង់ទី១ ក្រុមម្ចាស់ផ្ទះខេត្តសៀមរាប បានធ្វើការនាំមុខខេត្តឧត្តរមានជ័យ ២-១ ដែលធ្វើឲ្យការប្រកួតកាន់តែតានតឹង នៅតង់ទី២។ តែស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងនៅលើទីលាន នៅនាទី៧៦ ក៏ផ្ទុះការប៉ះទង្គិចគ្នាមួយប្រាវ រហូតមានការដេញវាយគ្នាពេញទីលាន ដែលត្រូវបានអ្នកគាំទ្រ ចាត់ទុកជាអំពើមិនគប្បីក្នុងនាមជាអ្នកកីឡាឡើយ។

តែយ៉ាងណាក្រោយមានការអន្ដរាគមន៍ពីថ្នាក់ដឹកនាំក្រុម អាជ្ញាកណ្ដាល និងសន្ដិសុខ ការប្រកួតក៏បានបន្ដធម្មតារហូតចប់ការប្រកួត ៩០នាទី ដោយរក្សាលទ្ធផល ២-១ ដដែល។ ប៉ុន្ដែចំពោះករណីវាយគ្នានោះ លោកអាជ្ញាកណ្ដាល ក៏បានធ្វើការពិន័យកាតក្រហមជាច្រើនដល់កីឡាករក្រុមទាំងពីរផងដែរ ដែលបានប្រព្រឹត្តអំពើប្រាស់ចាគពីក្រមសីលធម៌កីឡា រហូតផ្ទុះហិង្សាដោយចេតនាបែបនេះ៕