(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាប់ផ្ដើមទទួលពាក្យចូលរួម ទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៩ ហើយ ខណៈព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ នឹងរៀបចំនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ជាមួយនឹងក្ដីរំពឹងកាន់តែជោគជ័យ បន្ទាប់ពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារទី១ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាថ្មីនាថ្ងៃទី០៣ ខែមេសាខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ឆ្នាំនេះ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ នឹងកាន់តែងាយស្រួលសម្រាប់អ្នកចូលរួម បន្ទាប់ពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាដើមខែក្រោយ។ ហេតុនេះគណៈកម្មការ នឹងសហការជាមួយអាជ្ញាធរ ដើម្បីប្រើប្រាស់ស្ពាននេះ បម្រើឲ្យការរត់ឆ្លងកាត់លើវិញ្ញាសា ២១គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រ។ ដូច្នេះគណៈកម្មការសង្ឃឹម ផ្នែកលើកត្ដានេះ នឹងទាក់ទាញភ្ញៀវជាតិ និងអន្ដរជាតិចូលរួមកាន់តែច្រើនជាងឆ្នាំមុន។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ជាបណ្ដោះអាសន្នពេលនេះ ក្រោយធ្វើការផ្សព្វផ្សាយចុះឈ្មោះក្នុងស្រុក គណៈកម្មការបានទទួលពាក្យចុះឈ្មោះជាង ៣០០នាក់ហើយ ក្នុងនោះមានបរទេសប្រមាណជាង ១០០នាក់។ ហេតុនេះ NOCC បានអំពាវនាវប្រជាពលរដ្ឋខ្មែរ និងបរទេសរួសរាន់ចុះឈ្មោះឲ្យបានច្រើនកុះករ ដើម្បីចូលរួមរត់កម្សាន្ដ និងរត់ដើម្បីសុខភាព គ្រាដែលកាលពីឆ្នាំ២០១៨ កន្លងទៅ ព្រឹត្តិការណ៍អន្ដរជាតិនេះបានទទួលភ្ញៀវជាតិ និងអន្ដរជាតិចូលរួមសរុបជាង ៣,០០០នាក់ឯណោះ។

ចំពោះគោលបំណងសំខាន់ក្នុងការររៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៩ ឆ្នាំ២០១៩ នេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូ ក៏ដូចជាចូលរួមផ្សព្វផ្សាយការរត់ ដើម្បីទីក្រុងស្អាត-បៃតង និងប្រមូលថវិកាសប្បុរសជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ឋាផងដែរ។ ចំពោះវិញ្ញាសារត់មានចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ៕