(ភ្នំពេញ)៖ បន្ទាប់ពីសម្ងំសិក្សាវគ្គគ្រូកម្រិតខ្ពស់ A-License ជាច្រើនខែ លោក សំ វ៉ាន់ដេត បានបញ្ចប់ការសិក្សាដ៏លំបាកនេះហើយ តែពុំទាន់ដឹងលទ្ធផលនោះទេ ដោយរង់ចាំអ៊ុត ២ ទៅ ៣ខែ ទើបសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ប្រកាសផ្លូវការ។

លោក សំ វ៉ាន់ដេត ដែលបច្ចុប្បន្នជានាយកបច្ចេកទេសស្ម័គ្រចិត្តរបស់ក្រុមអាស៊ីអឺរ៉ុបបានឲ្យដឹងថា ពេលនេះលោកបានបញ្ចប់ការសិក្សាវគ្គគ្រូបង្វឹកបាល់ទាត់ A-License ហើយ ដែលបញ្ចប់ការពីម្សិលមិញ ហើយក៏មានការប្រគល់លិខិតបញ្ជាក់ ការបានចូលរួមសិក្សាពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។

លោកថា ចំពោះលទ្ធផលវិញ នៅមិនទាន់ដឹងនោះទេ ព្រោះការសិក្សានេះមានច្រើនដំណាក់កាល ហើយក៏មានការលំបាកជាច្រើនផងដែរ។ ដូច្នេះលទ្ធផលនឹងត្រូវបានវាយតម្លៃយ៉ាងល្អិតល្អន់បំផុត ពីក្រុមជំនាញរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី ដែលពួកគេនឹងធ្វើការប្រកាសក្នុងរយៈពេល ២ ទៅ ៣ខែខាងមុខ។

គួរបញ្ជាក់ថា លោក សំ វ៉ាន់ដេត បានខកខានដឹកនាំក្លឹបព្រះខ័នរាជស្វាយរៀងតាំងពីរដូវកាលឆ្នាំ២០១៨ ព្រោះត្រូវចូលរួមការសិក្សាវគ្គគ្រូបង្វឹកកម្រិត A-License។ តែលក្ខខណ្ឌក្នុងការសិក្សានេះ សិក្ខាកាមត្រូវមានក្លឹបដឹកនាំផ្ទាល់ខ្លួន ដើម្បីអនុវត្តជាក់ស្ដែង ដូច្នេះលោកបានធ្វើការងារស្ម័គ្រចិត្តជាមួយអាស៊ីអឺរ៉ុប ក្នុងនាមជាជំនួយការផ្នែកបច្ចេកទេស នារដូវកាលថ្មីឆ្នាំ២០១៩៕