(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មាន ចេញផ្សាយជាបន្តបន្ទាប់ បង្ហាញអំពី ការមានកូនប្រុសម្នាក់ គួរឲ្យស្រឡាញ់ របស់តារាចម្រៀង មានឈ្មោះល្បីគួរសម នៅក្នុងមជ្ឈដ្ឋានសិល្បៈ គឺអ្នកនាង សុន ស្រីពេជ្រ ទាំងមិនទាន់មានដំណឹងរៀបមង្គលការ ដូចអ្នកសិល្បៈដទៃរួចមក នៅក្នុងថ្ងៃនេះ ស្រីពេជ្រ បានចេញមុខបញ្ជាក់ ឲ្យមហាជន បានដឹងថា នាង និងស្វាមី បានរៀបការតាមប្រពៃណី រួចរាល់ហើយ ប៉ុន្តែពិធីនោះ មានលក្ខណៈតូចតាចប៉ុណ្ណោះ ព្រោះតែស្ថិតក្នុងដំណាក់កាលខ្វះខាតថវិកាខ្លាំង ខណៈឪពុក និងប្អូនប្រុស ឈឺដូចគ្នា។

តារាចម្រៀង សុន ស្រីពេជ្រ ចេញមុខបញ្ជាក់ តាមរយៈសារអេឡិចត្រូនិច មកកាន់អង្គភាពព័ត៌មាន Fresh news ថា «សុំទោសផង បងសារព័ត៌មាន ខ្ញុំរៀបការជាងមួយឆ្នាំហើយ គ្រាន់តែមិនបានអញ្ជើញ ខាងបងៗសារព័ត៌មានចូលរួម ព្រោះធ្វើតែបន្តិចបន្តួច ដោយសារប្អូនក៏ឈឺ ប៉ាក៏ឈឺ ទើបមិនបាន រៀបចំធំដុំ»

ការចេញមុខបញ្ជាក់ របស់ តារាចម្រៀងរូបនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រនាង ឈប់មានការយល់ច្រឡំ ជុំវិញ រឿងរ៉ាវដែលថា នាង មានកូន ទាំងមិនទាន់បានចូលរោងការ ។ យ៉ាងណាមិញ ទោះបីជាពិធីមង្គលការ ត្រូវបានរៀបចំឡើង លក្ខណៈតូចតាច ប៉ុន្តែត្រូវបានគេសង្កេតឃើញថា គ្រួសាររបស់នាង មានសុភមង្គល រហូតទទួលបានចំណងដៃ កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ទៀតផង។

គួរបញ្ជាក់ថា ថ្មីៗនេះមានព័ត៌មានលេចឮថា តារាចម្រៀង អ្នកនាង សុន ស្រីពេជ្រ សម្រាលបានបុត្រម្នាក់ ដ៏គួរឲ្យស្រឡាញ់ ខណៈនាង និងប្ដីមិនធ្លាប់លេចឮដំណឹងរៀបការ តាមប្រពៃណីនៅឡើយនោះទេ។ យ៉ាងណាមិញ ពេលនេះ ផងដែរ នាងក៏បានចេញមុខបកស្រាយ កុំឲ្យមហាជនមានករច្រឡំ តទៅទៀត ដោយតារាចម្រៀងស្រីរូបនេះ បានបញ្ជាក់ថា នាងបានរៀបការរួចរាល់ជាងមួយឆ្នាំហើយ គ្រាន់តែមង្គលការ របស់នាង រៀបចំលក្ខណៈជួបជុំគ្រួសារ និងសាច់ញាតិតិចតួចប៉ុណ្ណោះ៕