(ភ្នំពេញ)៖ ទស្សនិកជន និងអ្នករស់ក្នុងរង្វង់សិល្បៈ បានសម្តែងនូវការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពេលលេចឮដំណឹងថា តារាចម្រៀងសំឡេងស្រួយស្រែះ សុន ស្រីពេជ្រ សម្រាលបានបុត្រម្នាក់ ដ៏គួរឲ្យស្រឡាញ់ ខណៈនាង និងប្ដីមិនធ្លាប់លេចឮដំណឹងរៀបការ តាមប្រពៃណីនៅឡើយនោះទេ។ ទោះបីជាយ៉ាងណាក្តី តែគ្រប់គ្នា បានសម្តែងនូវ ការសាទរ និងរីករាយជាខ្លាំង ដែលតារាស្រីរូបនេះ សម្រាលកូនដោយជោគជ័យ និងមានសុខភាពល្អទាំងម្តាយ និងកូន។

គេសម្គាល់ឃើញថា តារាចម្រៀងសំឡេងស្រទន់ សុន ស្រីពេជ្រ មិនធ្លាប់បង្ហើបប្រាប់ទស្សនិកជន ឬអ្នកសិល្បៈដូចគ្នា ឲ្យដឹងពីគម្រោងរៀបការនោះទេ គឺដឹងត្រឹមថា នាង មានគូសង្សារបណ្តូលចិត្តរួចហើយ ដែលគេស្គាល់ថាមានឈ្មោះ «តិច សុខដា» ជាអាជីវករនៅផ្សារឧដ្ដុង្គ ដោយអ្នកទាំងពីរ បានសាងជីវិតស្នេហាជាមួយ គ្នា ដោយមិនទាន់គិតគូរពីរឿងរៀបការនោះទេ។ ដោយឡែក សម្រាប់ការមានបុត្រនេះ អ្នកទាំងពីរសម្រេចចិត្តយក ដោយក្តីរីករាយ និងមានការសាទរពីក្រុមគ្រួសារទៀត ផង ដោយគិតថា មិនចាំបាច់ទាល់ការរៀបការហើយ ទើបមានបុត្របាននោះទេ។

ពាក់ព័ន្ធនឹងការ លាតត្រដាងជីវិតឯកជន តាមរយៈការសម្រាលបានបុត្រម្នាក់ បង្ហោះក្នុងបណ្តាញសង្គមឲ្យគ្រប់ គ្នា បានដឹងនៅពេលនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះស្ងាត់ៗមិនទាន់រៀបការ ស្រាប់តែសម្រាល បុត្រទៅវិញ។

បន្ទាប់ពីគ្រប់គ្នាសម្តែងការភ្ញាក់ផ្អើល មហាជន និងអ្នកសិល្បៈសុទ្ធតែជូនពរនាងគ្រប់ៗគ្នា ឲ្យម្តាយ និងទារក ទទួលបានសុខភាពល្អ និងមានសុភមង្គលក្នុងគ្រួសាររហូត ហើយក្នុងនោះ ក៏មានអ្នកចង់ដឹងផងដែរ ថាតើ សុន ស្រីពេជ្រ នឹងគិតគូរៀបការនៅពេលណា?