(ភ្នំពេញ)៖ ខ្សែបម្រើប្រយុទ្ធរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន កីឡាករ វ៉ា សុថន បានសម្តែងអារម្មណ៍រីករាយជាខ្លាំង ក្រោយពីរូបគេក៏ដូចជាមិត្តរួមក្រុមបង្ហាញខ្លួនក្នុងកម្មវិធី The Singha’s Step ជាមួយឈុតឯកសណ្ឋានថ្មីឆ្នាំ២០១៩ ថែមទៀតផង។

កីឡាករវ័យ៣១ឆ្នាំរូបនេះបានថ្លែងថា «ក្នុងនាមជាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន ពួកគាត់គួរតែទិញឯកសណ្ឋានថ្មីរបស់យើងមកពាក់ ដើម្បីគាំទ្រនៅពេលដែលពួកយើងប្រកួតម្តងៗ វាគឺជាកម្លាំងចិត្តរបស់ក្រុមកីឡាកររបស់ពួកយើងនៅពេលដែលឃើញអ្នកទាំងអស់គ្នា ហើយក៏អាចបង្ហាញទៅកាន់ក្រុមអ្នកគាំទ្រក្លឹបដទៃទៀតដែរថាយើងមានក្លឹបដែលយើងស្រឡាញ់ក្នុងវិស័យបាល់ទាត់»

នៅពេលដែលខ្ញុំឃើញពួកគេពាក់ឯកសណ្ឋានរបស់យើងមកគាំទ្រ ធ្វើឲ្យខ្ញុំមានទំនុកចិត្តបន្ថែមទៀតក្នុងការលេង និងបង្ហាញខ្លួនលើទីលាន ដើម្បីដណ្តើមយកជ័យជម្នះជូនក្រុម។

ជាមួយនឹងការប្តូរឈ្មោះកីឡដ្ឋានថ្មី Smart RSN Stadium ក៏ដូចជាឯកសណ្ឋានថ្មីនេះកីឡាកររូបនេះបានលើកឡើងថា វាគឺជាកិត្តិយសរបស់ខ្ញុំណាស់ ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីដ៏ល្អ ជាមួយក្លឹបបាល់ទាត់ដែលល្បីជាងគេនៅកម្ពុជា។

ចំពោះអាវថ្មីរបស់យើងគឺស្អាត ពួកយើងពិតជារីករាយណាស់នៅពេលដែលយើងឃើញអាវជាលើកដំបូង ក្រុមកីឡាករទាំងអស់មានអារម្មណ៍ល្អជាមួយនឹងការបង្ហាញថ្មីនេះ ហើយពួកយើងមានមោទកភាពណាស់៕