(ម៉ៃអាមី)៖ កីឡាករវាយកូនបាល់ទោលលំដាប់លេខ១ ពិភពលោក Novak Djokovic បានហាលអាវពីពានរង្វាន់ Miami Open 2019 របស់អាមេរិក ត្រឹមជុំទី៤ ប៉ុណ្ណោះក្រោយចាញ់កីឡាករអេស្ប៉ាញ Roberto Bautista Agut ក្នុងលទ្ធផល ២-១ នារាត្រីថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។

កីឡាករសញ្ជាតិសែប៊ី Djokovic ដែលទើបជ្រុះចេញពីពានរង្វាន់ Indian Well ត្រឹមជុំទី៣ កាលពីសប្តាហ៍មុនបានយក ឈ្នះក្នុងសិតទី១ ក្នុងលំដាប់ពិន្ទុ ១-៦ មុនពេលត្រូវបានកីឡាករអេស្ប៉ាញ Agut វាយបកឈ្នះ២សិតវិញក្នុងលំដាប់ពិន្ទុ ៧-៥ និង ៦-៣ នៅក្រោមដំណក់ទឹកភ្លៀងផងដែរ។

អតីតកីឡាករដែលធ្លាប់ឈ្នះជើងឯកពាន Miami ៦សម័យកាលរូបនេះ ក៏ធ្លាប់ចាញ់កីឡាករ Bautista Agut ក្នុងកម្មវិធី Qatar Open ក្នុងខែមករា ឆ្នាំ២០១៩ ផងដែរ ក្រោយពេល Novak Djokovic ក៏បានជ្រុះចេញពីកម្មវិធី Miami Open មួយនេះត្រឹមជុំទី២ កាលឆ្នាំ២០១៨ កន្លងទៅ៕