(ភ្នំពេញ)៖ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិ U23 កម្ពុជា បានលើកឡើងថា កម្ពុជាកំពុងដើរលើផ្លូវ ត្រឹម ត្រូវក្នុងវិស័យកីឡា ដែលត្រូវការពេលវេលា និងការតស៊ូមួយនេះ។ ការលើកឡើងដូច្នេះ គឺក្រោយពេលក្រុម U23 កម្ពុជា ប្រកួតបង្គ្រប់កិច្ចពូល H នៃវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2020 ស្មើក្រុម U23 ឆាយនីសតៃប៉ិ ១-១ កាលពីយប់មិញដែលរកបាន ១ពិន្ទុ។

គ្រូបង្វឹកជនជាតិអាហ្សង់ទីន និងដៃស្ដាំរបស់លោក Keisuke Honda ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជារូបនេះ បាននិយាយថា «ទម្រង់លេងផ្ទាល់ខ្លួន ដែលយើងចង់លេង គឺវាមិនងាយស្រួលឡើយ វាតម្រូវឲ្យមានការជឿជាក់ ឆន្ទៈ ការតាំងចិត្តខ្ពស់ និងពេលវេលា។ យើងជឿថា ផ្លូវដែលពួកយើងកំពុងដើរ គឺត្រឹមត្រូវឆ្ពោះទៅរកការរីកចម្រើន»។ នេះគឺជាសំដីដ៏មានន័យ ទោះពី U23 កម្ពុជា បានធ្លាក់ត្រឹមវគ្គជម្រុះក៏ដោយ។

គួរបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតជម្រុះពូល H នៃពានប្រចាំទ្វីបអាស៊ីដែលថៃនឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២០ខាងមុខ ក្រុម U23 កម្ពុជា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ដោយរកបាន ១ពិន្ទុប៉ុណ្ណោះជាមួយលទ្ធផល ៣ប្រកួតស្មើ១ និងចាញ់២ រួមមានចាញ់ក្រុម U23 អូស្ដ្រាលី ៦-០, ចាញ់ក្រុម U23 សាធារណរដ្ឋកូរ៉េ ៦-១ និងស្មើក្រុម U23 ឆាយនីសតៃប៉ិ ១-១៕