(ភ្នំពេញ)៖ ក្រុមយុវជនក្រោមអាយុ ១៧ឆ្នាំ នៃក្លឹបកីឡាបាល់ទាត់វិសាខា បានឡើងឈរកំពូលតារាងពិន្ទុបណ្ដោះ អាសន្ននៃពាន KMH Cup U18 រដូវកាលទី២ សប្ដាហ៍ទី១១ ឆ្នាំ២០១៩ ក្រោយវាយបកឈ្នះក្រុម U18 បឹងកេតអែហ្វស៊ីដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីលាន KMH Park គ្រាដែលកាលពីជួបគ្នាជើងទី១ ក្រុម U17 វិសាខា បានយកឈ្នះក្នុងលទ្ធផល ១-០ ដែរនោះ។

លោក វី លីកា ដែលជាគ្រូបង្វឹក U17 វិសាខាបានថ្លែងថា «ប្រកួតនេះ ពេលយើងរបូត ១គ្រាប់ក្នុងរយៈពេល ៥នាទីដំបូង វាគឺជាការធ្វេសប្រហែសរបស់ខ្សែការពារ តែដោយសារយើងនៅសល់នាទីច្រើន ទើបយើងបានជំរុញ និងលើកទឹកចិត្តពួកគាត់ឲ្យបំភ្លេចគ្រាប់បាល់ ១គ្រាប់នោះសិន ហើយព្យាយាមលេងឡើងវិញ។ ជាការពិតការខិតខំពួកគាត់ ពិតជាទទួលបានផ្លែផ្កាពិតមែន ហើយខ្ញុំក៏សូមអរគុណពួកគាត់ ដែលមិនបោះបង់ និងព្យាយាមលេងរហូតដណ្ដើមបាន ៣ពិន្ទុបន្ថែម»

ក្រោយចប់ការប្រកួតលោក វី លីកា គ្រូបង្វឹកក្រុម U17 វិសាខាបានលើកឡើងថា ឆ្លងកាត់ការប្រកួតដ៏តានតឹង ៩០នាទី ដែលកូនក្រុមខ្ញុំ បានយកឈ្នះក្រុម U18 បឹងកេត ខ្ញុំពិតជាសប្បាយចិត្ត ជាមួយនឹងកូនក្រុមរបស់ខ្ញុំ ទោះបីយើងឃើញកម្លាំងពួកគាត់រាងថមថយ ដោយសារយើងមិនបានហ្វឹកហាត់ស៊ាំនឹងកម្ដៅថ្ងៃក៏ដោយ។ ខ្ញុំសប្បាយចិត្តដែលពួកគាត់ ធ្វើតាមអ្វីដែលខ្ញុំចង់បាន គឺការលេងដោយឆន្ទៈ ១០០%។

ពាក់ព័ន្ធនឹងក្ដីរំពឹងរក្សាកៅអីកំពូលតារាង រហូតចប់ការប្រកួតសន្សំពិន្ទុជើងទី២ ឬក៏អត់ គ្រូបង្វឹកបានឆ្លងកាត់ការសិក្សាវគ្គគ្រូ B-License រូបនេះថា នេះគឺជាគោលដៅរបស់ក្រុម ក៏ដូចជាក្រុមផ្សេងៗផងដែរ តែអ្វីដែលសំខាន់ គឺយើងចង់ឃើញគ្រប់ប្រកួត កូនក្រុមរបស់ខ្ញុំខំប្រឹង និងបង្ហាញឆន្ទៈលេងអស់ពីសមត្ថភាព ១០០% លើទីលាន ហើយលទ្ធផលយ៉ាងណា ខ្ញុំរីករាយនឹងទទួល ជាក់ស្ដែងដូចប្រកួតជាមួយបឹងកេតលើកនេះអញ្ចឹង។

គួរបញ្ជាក់ផងថា ក្រុម U17 វិសាខា បច្ចុប្បន្នកំពុងឈរកំពូលតារាងនៃពាន KMH Cup U18 បណ្ដោះអាសន្ន បន្ទាប់ពីបញ្ចប់ការប្រកួត ៩លើក ក្នុងនោះឈ្នះ ៦ដង និងស្មើ ៣ដង មិនទាន់ស្គាល់ចាញ់មាន ២១ពិន្ទុ នាំមុខគូប្រជែង ២ពិន្ទុ។ ចំពោះប្រកួតបន្ទាប់ ក្រុម U17 វិសាខា នឹងត្រូវជួបក្រុម U17 ភ្នំពេញក្រោន នាថ្ងៃទី៣០ ខែមីនាចុងសប្ដាហ៍នេះ គ្រាដែលកាលពីជួបគ្នាជើងទី១ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ១-១៕