(កូរ៉េ)៖ បន្ទាប់ពីជួបប្រទះរឿងអាស្រូវជាច្រើន ស្រាប់តែពេលនេះល្បីថា Seungri បានទទួលផ្ទះដ៏ប្រណីតមួយ​ពីបុរសអ្នកមានជនជាតិវៀតណាមម្នាក់ នៅពេលដែលអតីតសមាជិក BIGBANG រូបនេះទៅលេងទីក្រុង Hanoi កាលពីប៉ុន្មានឆ្នាំមុន។

កាលពីថ្ងៃទី២៥ ខែមីនា Newsen បានផ្សាយថា ក្រុមហ៊ុនសំណង់វៀតណាមដែលសាងសង់ផ្ទះសម្រាប់ Seungri បានធ្វើការផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា «តារាចម្រៀង Seungri បានក្លាយទៅជាម្ចាស់អាផាតមិនមួយខ្នង» ដោយភ្ជាប់នូវរូបថតជាច្រើនរបស់តារាប្រុសរូបនេះ និងបុរសអ្នកមានជនជាតិវៀតណាម ដែលបានទៅទស្សនាផ្ទះគំរូ ក៏ដូចជារៀបរាប់ពីដំណើរទស្សនកិច្ចរបស់ Seungri ផងដែរ។

យោងតាម Newsen បញ្ជាក់ថា អាផាតមិនដែល Seungri ទទួលបាននេះមានទីតាំងស្ថិតនៅក្នុងអគារមួយ ដែលមានផ្ទះប្រហែល ២៤០ខ្នង នៅលើទំហំដី ២០០ម៉ែត្រការ៉េ ហើយមានតម្លៃប្រហែល ១ប៊ីលានវ៉ុន (៨៨៣.០០០ដុល្លារ)។ ចំពោះរឿងអាស្រូវរបស់ Seungri ដែលល្បីថា លោកបានទទួលជំនួយពីបុរសអ្នកមាននៅជុំវិញពិភពលោក អំឡុងពេលកំពុងគ្រប់គ្រងក្រុមហ៊ុន Yuri Holdings វាហាក់ដូចជាបុរសអ្នកមានជនជាតិវៀតណាមនេះ ក៏ជាមនុស្សម្នាក់ស្ថិតក្នុងចំណោមអ្នកទាំងនោះដែរ។

តំណាងផ្នែកច្បាប់របស់ Seungri មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ណាមួយ ទាក់ទងនឹងបញ្ហាដ៏រសើបនេះនៅឡើយទេ៕