(កូរ៉េ)៖ ប៉ូលីសបានបញ្ជាក់ថា ពួកគេនៅតែអាចទាញយកទិន្នន័យបាន ទោះបីជាតារាចម្រៀង Jung Joon Young បានធ្វើការកំណត់ឡើងវិញ (reset) នូវកម្មវិធីទូរស័ព្ទដៃរបស់ខ្លួន ដើម្បីលុបបំបាត់ភស្តុតាង ដែលមានផ្ទុកនៅក្នុងនោះក៏ដោយ។

តាមរយៈសន្និសីទកាសែតនៅថ្ងៃទី២៥ ខែមីនា មេប៉ូលីស Min Gap Ryong បានបញ្ជាក់ឲ្យដឹងថា «លោកបានចាត់វិធានការលើទូរស័ព្ទរបស់ខ្លួន ប៉ុន្តែយើងបានទទួលទិន្នន័យផ្សេងទៀត។ យើងជឿជាក់ថា វានៅតែអាចពិនិត្យមើលមាតិកាដើម (ក្នុងទូរស័ព្ទ) ដោយប្រៀបធៀបទិន្នន័យនេះ»។ ត្រឡប់មកកាន់ហេតុការណ៍នៅថ្ងៃទី២២ ខែមីនា ត្រូវបានគេរាយការណ៍ថា Jung Joon Young បានធ្វើការកំណត់ឡើងវិញនូវកម្មវិធីក្នុងទូរស័ព្ទមួយ ក្នុងចំណោមទូរស័ព្ទដៃទាំងបីរបស់ខ្លួន ដែលបានផ្តល់ទៅឲ្យប៉ូលីស។

ដំបូងឡើយប៉ូលីសព្យាយាមរុករកភស្តុតាងពាក់ព័ន្ធតែក៏បានបរាជ័យ ក្នុងការទាញយកទិន្នន័យពីក្នុងទូរស័ព្ទដៃនោះមកវិញ ប៉ុន្តែពេលនេះអ្វីៗហាក់ដូចជាមានតម្រុយ បន្ទាប់ពីពួកគេបង្ហើបឲ្យដឹងពីលទ្ធភាព ដែលអាចទាញយកវាឡើងវិញ សង្ឃឹមថានឹងអាចទទួលបានភស្តុតាងថ្មីបន្ថែមទៀត៕