(ភ្នំពេញ)៖ សម្រាប់ការលេងជាក្រុម បូករួមទាំងប្រព័ន្ធការពារ គឺជាកត្តាសំខាន់ដែលលោក ហៅ សុជាតិ គ្រូបង្គោលក្លឹបបឹងកេតអែហ្វស៊ីអះអាងត្រូវសម្រួចបន្ថែមទៀត ដើម្បីឲ្យមានភាពពេញលេញ ក្នុងនាមជាក្រុមប្រជែងជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ២០១៩។

លោកបានបញ្ជាក់បន្ថែមទៀតថា «និយាយទៅ យើងទទួលបាន៣ពិន្ទុ យើងលេងបានល្អមែន ប៉ុន្តែយើងអត់ទាន់ដល់កម្រិតនៃការប្រជែងជើងឯកនោះទេ ដោយសារយើងអត់ទាន់ល្អគ្រប់គ្រាន់នៅឡើយ ដោយសារយើងមើលឃើញកង្វះខាតជាច្រើន និយាយទៅទាំងការសហការគ្នាលេង ទាំងពេលយើងការពារ គឺនៅមានបញ្ហា»

គួរដឹងដែរថា គ្រូបង្វឹកក្រុមលេខ២ រដូវកាលចាស់ឆ្នាំ២០១៨ ទទួលស្គាល់ចំណុចទាំងពីរនៅមានភាពខ្វះខាតនៅឡើយ ទោះអាចឈ្នះភ្នំពេញក្រោននៅថ្ងៃបើកឆាកសប្ដាហ៍ទី១ កាលថ្ងៃសៅរ៍ ទី១៦ ខែមីនាក៏ដោយ។ លោកថា ការលេងបែបនេះមិនទាន់ដល់កម្រិតប្រជែងតំណែងជើងឯកនោះទេ។

បឹងកេត ដែលធ្លាប់ឈ្នះជើងឯកលីគ ៣សម័យកាលពេលកន្លងមក បានធ្វើការវាយបកយកឈ្នះម្ចាស់ផ្ទះភ្នំពេញក្រោន ៣-២ ហើយសង្ឃឹមថា នៅប្រកួតក្រោយៗ កូនក្រុមនឹងអាចធ្វើបានកាន់តែល្អថែមទៀត ដើម្បីប្រជែងតំណែងជើងឯកលីគកំពូលជាថ្មី ក្រោយខកខាននៅរដូវកាលឆ្នាំ២០១៨ កន្លងទៅ៕