(បរទេស)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស បានបន្តបំបាក់ក្រុមម្ចាស់ផ្ទះម៉ុងតេនីក្រូ ៥-១ ក្នុងការប្រកួតវគ្គសន្សំពិន្ទុ លើកទី២ ក្នុងពូល A នៃវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 បន្ទាប់ពីបានលត់ក្រុមភ្ញៀវសាធារណរដ្ឋឆេក ៥-០ កាលពីសប្តាហ៍មុន។

តាមរយៈជ័យជម្នះ ២ប្រកួតជាប់គ្នាសម្រាប់ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ៤ នៅ World Cup 2018 អង់គ្លេសបាន ឡើងទៅឈរនៅកំពូលតារាងដាច់ ដោយមាន៦ពិន្ទុ ស៊ុតបញ្ចូលទីបានគេ ១០គ្រាប់ និងរបូតវិញតែ១គ្រាប់ប៉ុណ្ណោះ។

កីឡាករខ្សែបម្រើប្រយុទ្ធមកពីក្លឹបតោខៀវ Chelsea, Ross Barkley រកបាន ២គ្រាប់នៅនាទី៣៨ និងនាទី៥៩ ក្រោយពេលមិត្តរួមក្រុម Michael Keane រកគ្រាប់តាមស្មើឲ្យអង់គ្លេសនៅនាទី៣០ ក្រោយពេលកីឡាករ Vesovic បានស៊ុតគ្រាប់នាំមុខឲ្យម៉ុងតេនីក្រូនៅនាទី១៧ និងប្រធានក្រុម Harry Kane និង Raheem Sterling រកបានម្នាក់១ គ្រាប់ដូចគ្នានៅនាទី៧១ និងនាទី៨០។

គួរបញ្ជាក់ផងដែរថា អតីតក្រុមជើងឯក World Cup 1966 អង់គ្លេសរកបានគ្រាប់បាល់ ៥គ្រាប់ ឬលើសពីនេះជាលើក ដំបូងគិតចាប់តាំងពីឆ្នាំខែវិច្ឆិកា ឆ្នាំ១៩៨៤មក ក្នុងនាមជាក្រុមមិនទាន់ធ្លាប់ឈ្នះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro នេះម្តងនៅឡើយទេ គិតចាប់តាំងពីពានរង្វាន់នេះប្រកួតបាន ១៥សម័យកាលមកនេះ៕