(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជា នឹងត្រូវប្រកួតទល់នឹងក្រុម U23 ឆាយនីសតៃប៉ិ នាម៉ោង ៨៖០០នាទីយប់នេះ ដើម្បីបង្គ្រប់កិច្ចពូល H ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2020 នៅពហុកីឡដ្ឋានជាតិ។

ដ្បិតនេះគឺជាការប្រកួតបង្គ្រប់កិច្ចក៏ពិតមែន តែក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីប្រជែងកៅអីលេខ៣ ក្នុងពូល បន្ទាប់ពីអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ក្រោយរងបរាជ័យ ២ប្រកួតផ្ទួនៗ ក្រោមថ្វីជើងក្រុមខ្លាំង U23 អូស្ដ្រាលី និងក្រុម U23 សាធារណរដ្ឋកូរ៉េដូចគ្នា។

ចំពោះលទ្ធផល ២ប្រកួតបើកឆាករបស់ក្រុមទាំងពីរ គឺក្រុម U23 កម្ពុជា បានចាញ់ក្រុមអូស្ដ្រាលី ៦-០ មុនមកចាញ់សាធារណរដ្ឋកូរ៉េ ៦-១ សរុបរបូត ១២គ្រាប់ និងរកបាន ១គ្រាប់ គ្រាដែលក្រុម U23 ឆាយនីសតៃប៉ិ របូតដល់ទៅ ១៤គ្រាប់ឯណោះ បន្ទាប់ពីចាញ់សាធារណរដ្ឋកូរ៉េ ៨-០ និងចាញ់អូស្ដ្រាលី ៦-០ ដោយគ្មានការស៊ុតវាយបកសូម្បីតែ ១គ្រាប់ឡើយ។

ប៉ុន្ដែមុនឈានដល់ការប្រកួតបង្គ្រប់កិច្ចនេះ នឹងមានការប្រកួតដ៏ជក់ចិត្ត រវាងក្រុម U23 អូស្ដ្រាលី និងក្រុម U23 សាធារណរដ្ឋកូរ៉េ ដែលត្រូវជួបគ្នានាម៉ោង ៥ល្ងាចនេះ ដើម្បីដណ្ដើមលេខ១ ក្នុងពូល និងឡើងទៅជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២០ នៅថៃដោយស្វ័យប្រវត្តិ គ្រាដែលក្រុមលេខ២ នឹងត្រូវរង់ចាំការវាយតម្លៃក្រុមលេខ២ ល្អជាងគេជាមួយពូលផ្សេងៗ ដើម្បីឡើងវគ្គបន្ដផងដែរ៕