(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចធ្វើការផ្លាស់ប្ដូរឈ្មោះកីឡដ្ឋាន RSN របស់ខ្លួនហើយ ដោយប្ដូរដាក់ឈ្មោះថា កីឡដ្ឋាន Smart RSN Stadium ដែលធ្វើឡើងក្នុងកម្មវិធី The Singha’s Step នៅកីឡដ្ឋានផ្ទាល់ នាព្រលប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ។

ការផ្លាស់ប្ដូរឈ្មោះថ្មីនេះ ធ្វើឡើងស្របពេលក្រុមហ៊ុន Smart បានចុះកិច្ចសន្យាលើភាពជាដៃរយៈពេល ២ឆ្នាំបន្ថែមជាមួយក្លឹបភ្នំពេញក្រោន ដោយផ្ដល់នូវការគាំទ្រដ៏មានតម្លៃជាងមុន និងទទួលបានសិទ្ធដាក់ឈ្មោះកីឡដ្ឋានរបស់អតីតក្លឹបជើងឯក ៦សម័យកាលនេះ ទៅជាកីឡដ្ឋាន Smart RSN Stadium ។

បន្ថែមលើកិច្ចសន្យាថ្មីនេះ ក្លឹបភ្នំពេញក្រោន និងក្រុមហ៊ុន Smart ក៏បានសហការគ្នាត្រៀមរៀបចំការប្រកួតក្របខណ្ឌលីគយុវជន Smart Youth League ដើម្បីជួយអភិវឌ្ឍទេពកោសល្យកីឡដ្ឋានបាល់ទាត់វ័យក្មេងកម្ពុជា និងលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគតផងដែរ ។

គួរបញ្ជាក់ថា កម្មវិធីប្រកាសឈ្មោះថ្មី នៃកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោននេះ បានធ្វើឡើងដោយមានការចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន រួមទាំងភ្ញៀវកិត្តិយស និងអ្នកគាំទ្រជាច្រើនរយនាក់ផងដែរ៕