(ភ្នំពេញ)៖ ជាការកត់សម្គាល់ទីផ្សារសិល្បៈរបស់ កញ្ញា ហេង ចន្ថា ដែលជាអតីត «Miss Grand Cambodia» ឆ្នាំ២០១៦ កំពុងមានការឡើងកូដខ្លាំង ក្នុងរយៈពេលមួយឆ្នាំចុងក្រោយមកនេះ ខណៈទាំងការសម្តែងភាពយន្ត និងធ្វើជាពិធីការិនី ក្នុងកម្មវិធីកំសាន្តនានា គឺតែងតែមានវត្តមានតារាស្រីរូបនេះ ស្ទើរគ្រប់កម្មវិធីតែម្តង។ យ៉ាងណាមិញ ទោះកំពុងមានឪកាសកើបលុយក៏ដោយ តែនាងហាក់ខុសប្លែកពីតារាមួយចំនួន ត្រង់ថាមិនសង្វាតរកលុយ ដល់ថ្នាក់ភ្លេចគ្រួសារនោះទេ ពោលនាងបានអះអាងថា មិនទទួលការងារសិល្បៈចំថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនោះទេ ដោយហេតុផង ចង់ចំណាយពេលវេលា ជួបជុំក្រុមគ្រួសារ សាច់ញាត់បងប្អូន ក្នុងឪកាសបុណ្យចូលឆ្នាំ ព្រោះថាមួយឆ្នាំមានតែម្តង។

ទន្ទឹមគ្នានេះ តារាស្រីទឹកមុខសិចស៊ី ដងខ្លួនស្រឡូនមានមន្តស្នេហ៍ កញ្ញា ហេង ចន្ថា បានឱ្យដឹងថា រហូតមកទល់នឹងបច្ចុប្បន្ននេះ បន្ទាប់ពីបញ្ចាប់ការថតភាពយន្តមួយចំនួន ដែលបានចាក់ផ្សាយលើបណ្តាទូរទស្សន៍នានារួចហើយនោះ គឺនៅសល់ភាពយន្តមួយទៀត ដែលនាងកំពុងថតឱ្យផលិតកម្មហង្សមាស ប៉ុន្តែសុំមិនបញ្ចេញចំណងជើង។ ពិសេសជាងនេះ នាងបានក្តោបក្តាប់តំណែងជាតួ ឯកស្រីទៀតផង ដោយសម្តែងជានារីមានចរិកលក្ខណៈស្លូតបូត សុភាពរាបសារ។ លើសពីនេះ នៅមានភាពយន្តជាច្រើនទៀត ដែលកំពុងចរចារណ៍សម្តែង។

ងាកមកការសម្តែង MV ចម្រៀងត្រៀមសម្រាប់អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំកុរខាងមុខនេះវិញ ហេង ចន្ថា ក៏បានបង្ហាញវត្តមានក្នុងបទចម្រៀងថ្មី របស់ហង្សមាសផងដែរ តែរហូតមកទល់នឹងពេលនេះគឺ ទើបតែបានសម្តែងមួយបទប៉ុណ្ណោះ ខណៈបើតាមជាក់ស្តែង គឺត្រូវថតច្រើនបទ ប៉ុន្តែដោយសារជាន់នឹងការសម្តែងរឿង ទើបមិនបានទទួលសម្តែង។ តាមរយៈការមានមុខក្នុងខ្សែភាពយន្តប្រចាំប៉ុស្តិ៍ល្បីៗនេះ ហេង ចន្ថា ធ្វើការកត់សម្គាល់ឃើញថា កេរ្តិ៍ឈ្មោះរបស់នាង មានភាពល្បីល្បាញច្រើនជាងឆ្នាំកន្លងទៅ ដោយសារតែមានទស្សិកជនស្គាល់ច្រើន។

ទោះយ៉ាងណាក្តី តារាស្រីរូបនេះ មិនភ្លេចផ្តាំផ្ញើរនូវសារជូនពរដល់ទស្សនិកជនក្នុងឪកាសឆ្នាំថ្មីនោះទេ ដោយនាងបានជូនពរដល់ទស្សនិកជនគ្រប់រូប ជាពិសេសបងប្អូនខ្មែរទាំងអស់ ទទួលបានសុខភាពល្អ និងរាល់ការធ្វើដំណើរទៅណាមកណា ប្រកបដោយសុខសុវត្ថិភាពផងដែរ៕