(ភ្នំពេញ)៖ ក្រុមយុវជនក្រោមអាយុ ១៧ឆ្នាំនៃក្លឹបកីឡាបាល់ទាត់វិសាខា បានឡើងឈរកំពូលតារាងបណ្ដោះអាសន្ននៃ ពានរង្វាន់ KMH Cup U18 រដូវកាលទី២ ឆ្នាំ២០១៩ ជាថ្មីទៀតហើយ បន្ទាប់ពីយកឈ្នះក្រុមយុវជន U18 បឹងកេតអែហ្វស៊ីដោយលទ្ធផល ២-០ ក្នុងជំនួបជើងទី២ នៅកីឡដ្ឋាន KMH Park។

ការប្រកួតដ៏ជក់ចិត្តនេះ U18 បឹងកេត បានធ្វើការនាំមុខក្រុម U17 វិសាខា ១គ្រាប់មុននៅនាទីទី៥ តែនៅនាទី២៨ កីឡាករ ទូច គឹមឆាយ បានជួយក្រុមយុវជន U17 វិសាខា វាយបកតាមស្មើ ១-១ មុនចប់តង់ទី១។ ចូលដល់តង់ទី២ ក្រុមយុវជនវិសាខា បានព្យាយាមធ្វើការកាន់តែខ្លាំងលើទីលានរហូតរកបាន ១គ្រាប់ទៀតនៅនាទីទី៦៣ ដោយកីឡាករ គី រីណា ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ។

តាមរយៈជ័យជម្នះនេះបានរុញវិសាខា ទៅកាន់កំពូលតារាងពិន្ទុសរុបសាជាថ្មី ដោយមាន២១ពិន្ទុពីការប្រកួត៩លើក និងនាំមុខបឹងកេតដែលលេង១០ប្រកួតចំនួន ២ពិន្ទុ។

នេះគឺជាលើកទី២ ហើយ ដែលក្រុម U17 វិសាខា បានយកឈ្នះក្រុម U18 បឹងកេត គ្រាដែលកាលពីជួបគ្នាជើងទី១ ក្នុងពានប្រមូលផ្ដុំដោយយុវជនមកពីក្លឹបអាជីពចូលរួមនេះ ក្រុមវិសាខា បានទទួលជ័យជម្នះជាមួយលទ្ធផល ១-០។ តាមរយៈការរកបាន ៣ពិន្ទុជាថ្មីពីយុវជនបឹងកេតនេះ បានធ្វើឲ្យវិសាខា ឡើងទៅឈរកំពូលតារាងពិន្ទុជាថ្មីដោយមាន ២១ពិន្ទុ និងរក្សាកំណត់ត្រាមិនស្គាល់ចាញ់ឡើយ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួត ឈ្នះ៦ដង និងស្មើ ៣ដង៕