(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានពាក់កណ្ដាលអាជីព Keller Williams Cambodia League រដូវកាលឆ្នាំ២០១៩ បានបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៤ ហើយ តែមាន ៣ក្រុមបានរក្សាភាពខ្លាំង មិនទាន់ស្គាល់ចាញ់នោះទេ រួមមានក្រុម Khmer United A, ក្រុម ISI Group United និងក្រុម Riel Phnom Penh ដែលទើបដណ្ដើមបានជ័យជម្នះលើកទី៤ រៀងៗខ្លួនកាលពីម្សិលមិញ។

សម្រាប់ក្រុម Khmer United A បានលត់ក្រុម Home Sport ដោយលទ្ធផល ២១-១ ខណៈក្រុម Riel Phnom Penh បានយកឈ្នះក្រុម Mambo Phnom Penh ដោយលទ្ធផល ២-០ និងក្រុម ISI Group United បានយកឈ្នះក្រុមការពារតំណែងជើងឯក Avatar ១-០ ដោយបាល់ពិន័យ ១១ម៉ែត្រ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជើងខ្លាំងទាំង៣ មាន ១២ពិន្ទុពេញស្មើគ្នា ដើម្បីរក្សាកៅអីលំដាប់កំពូលតារាង។

ចំណែកក្រុម Avatar បានធ្លាក់មកឈរលេខ៤ ក្រោយរងបរាជ័យលើកដំបូងខាងលើ ដោយមាន ៩ពិន្ទុស្មើក្រុម Bayon Wanderers ដែលយកឈ្នះក្រុម Khmer United B ៩-០ និងក្រុមសាក់ដែលបានយកឈ្នះក្រុម Sniper ៤-០។ ឯលទ្ធផល ៣ប្រកួតទៀត រួមមានក្រុម Khmer United U22 ឈ្នះក្រុម Sen Sok Empire ៤-១, ក្រុម ATK យកឈ្នះក្រុមសារកីឡាករតាំងគោក ៤-២ និងក្រុមទន្សោងយកឈ្នះក្រុម Anvaya ៨-២។

សូមរំឭកថា ពាន Keller Williams Cambodia League គឺបានប្ដូរមកពីពានឈ្មោះ Khmer Real Estate League ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយស្ថាបនិកពានលោកបណ្ឌិត គីម ហ៊ាង ហើយនេះជារដូវកាលទី៨ ហើយ ដែលលោកបង្កើតពាននេះ ដើម្បីផ្ដល់ឱកាសដល់មន្ដ្រី បុគ្គលិក អ្នកជំនួញ យុវជន និងមហាជនទូទៅចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងបំផុសសកម្មភាពលេងកីឡា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន៕