(ភ្នំពេញ)៖ មានស្ត្រីមិនច្រើននាក់នោះទេ បានជ្រើសរើសយកវិស័យកីឡាជាមុខរបរ ខណៈកញ្ញា សំ ថារ័ត្ន ដែលជាកីឡាការិនីវៃចំរុះ ឯណោះវិញ ត្រូវបានគេដឹងថា នាងមានសមត្ថភាពខ្លាំងក្នុងវិស័យក្បាច់គុនចំរុះ។ ទន្ទឹមនឹងការជោគជ័យក្នុងការហាត់រៀន ក៏ដូចជាការយកឈ្នះលើគូប្រកួត សំ ថារ័ត្ន ក៏បានជំនះនូវរាល់ឧបសគ្គជាច្រើនក្នុងវិស័យមួយនេះ។ ជាក់ស្តែង តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កីឡាការិនីរូបនេះ បានបង្ហាញប្រាប់ដល់ទស្សនិកជនជាច្រើន ជុំវិញឧបសគ្គ នៅពីក្រោយសង្វៀនប្រកួតដែលគ្រប់គ្នាមិនទាន់បានដឹង និងឧបសគ្គនៅលើសង្វៀន។

កញ្ញា សំ ថារ័ត្ន បានឱ្យដឹងថាក្នុងនាមជាមនុស្សស្រី គឺមានឧបសគ្គជាច្រើន ក្នុងការដើរលើវិថីកីឡាមួយនេះ អ្វីដែលសំខាន់គឺ មិនមានការលើកទឹកចិត្តពីគ្រួសារ និងមនុស្សជុំវិញខ្លួននោះទេ ប៉ុន្តែដោយសារតែទឹកចិត្តស្រឡាញ់ និងចង់រក្សារក្បាច់គុនខ្មែរ ទើបនាងបានជំនះនូវរាល់បញ្ហា និងការមើលងាយផ្សេងៗពីមនុស្សជុំវិញខ្លួន រហូតបានក្លាយជាកីឡាការិនីមួយរូប មានសមត្ថភាពប្រកួតជាមួយកីឡាករមកពីបណ្តាប្រទេសនានា។ នាងថា ក្រុមគ្រួសារមិនលើកទឹកចិត្តឱ្យនាងធ្វើវិស័យនេះទេ ព្រោះគិតថាជាស្រី និងមានតួនាទីមើលថែម្តាយឪពុកចាស់ផងនោះ។ ទោះបែបនេះក្តី នៅតែមិនអាចទប់ចិត្តនាងបាន ទើបលួចហាត់រៀន និងបានប្រកួតជាមួយខ្មែរនិងខ្មែរ ជាលើកដំបូង ក្នុងស្ថានីយទូរទស្សន៍នានា ដោយនាងថា កាលណោះ គឺជាវេលាដ៏រីករាយបំផុត ពេលបានប្រកួតក្នុងសង្វៀនពិតៗ។

បន្ថែមពីនេះ នាងថារាល់ការប្រកួត គឺប្រឈមមុខយ៉ាងខ្លាំង លើបញ្ហានានា ដូចជាការសន្លប់ ឬពិការពេលវៃខុសបច្ចេកទេសជាដើម។ ទោះបែបនេះ អ្វីដែលសំខាន់គឺចេះ ប្រមាណលើសមត្ថភាពខ្លួនឯង ថាអាចទៅមុខបានឬយ៉ាងណា។ សំ ថារ័ត្ន បន្តថារាល់ការប្រកួតនៅបរទេសជាមួយដៃគូបរទេស នាងមិនដែលគិតថាបោះបង់ចូលកណ្តាលទីនោះទេ ព្រោះតែចិត្តមួយគិតថា ដើម្បីមុខមាត់ប្រទេសជាតិ ទោះបីជាពេលខ្លះ ដឹងថាប្រកួតទៅមុខទៀតលែងរួចក៏ដោយ តែពេលនឹកដល់ជាតិ គឺមានកម្លាំងចិត្ត ធ្វើឱ្យនាងវៃរហូតដល់ចប់ ទោះចាញ់ក៏ចាញ់ដោយការដាក់ពិន្ទុដែរ។ ទឹកចិត្តរបស់កីឡាការិនីរូបនេះ បានធ្វើឱ្យទស្សនិកជនជាច្រើន សម្តែងនូវការកោតសរសើរ និងធ្វើជាគំរូដល់ស្ត្រីដទៃផងដែរ ជាពិសេសស្ត្រីដែលមានបំណងចង់ហាត់រៀនវិស័យក្បាច់គុនចំរុះនេះ ថាស្រ្តីក៏អាចរៀនបានដែរ ឱ្យមានតែឆន្ទុះ និងពុះពារនូវឧបសគ្គទាំងឡាយ។

សំ ថារ័ត្ន បានសង្កត់ធ្ងន់ថា ឧបសគ្គសំខាន់ចំពោះកីឡាករ និងកីឡាការិនី ចំពោះកីឡាចំរុះ គឺមានច្រើនណាស់ តែក្នុងចំណោមនោះ ការកាត់គីឡូ គឺមិនមែនជារៀនងាយស្រួលនោះទេ។ នាងថា ការប្រកួតខ្លះ តម្រូវឱ្យកីឡាករសម្រក់ទម្ងន់រហូតដល់ទៅ ១៥គីឡូ ឯណោះ ខណៈការសម្រកគីឡូនេះទៀតសោត អ្នកខ្លះបានស្លាប់បាត់បង់ជីវិតទៀតផង ដោយសារបញ្ហាសុខភាពមិនអំណោយផល និងខ្សោយជាដើម។

ទស្សនិកជនចង់ដឹងលំអិត ពីការបង្ហាញប្រាប់នូវអាថ៌កំបាំងសំខាន់ៗ របស់កីឡាការិនី សំ ថារ័ត្ន សូមទស្សនាវីដែអូខាងក្រោម៖