(ភ្នំពេញ)៖ មិនខុសពីឆ្នាំមុនៗនោះទេ ខណៈនៅឆ្នាំនេះ សាលាតិចណូបានរៀបចំនូវព្រឹត្តិការណ៍ សង្រាន្តឆ្នាំកុរ ប្រចាំឆ្នាំ ដែលមានការរៀបចំ ក៏ដូចជាផ្តួចផ្តើមគំនិត ដោយ សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ អ្វីដែលមហាជន ក៏ដូចជាសិស្សនិស្សិត ធ្វើការកត់សម្គាល់នោះ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះផងដែរ គឺមានការចូលរួមលេងល្បែកប្រជាប្រិយភាពខ្មែរជាច្រើនទម្រង់ គួបផ្សំនឹងការរាំលេងកំសាន្តសប្បាយ ពីសំណាក់និស្សិតសិក្សានៅទីនោះ និងសាធារណៈជន ក៏ដូចជានិស្សិតមកពីសាលានានាផងដែរ។

កាន់តែចាប់អារម្មណ៍ជាងនេះ ដើម្បីអបអរសង្រ្តាន្តឆ្នាំថ្មីឆ្នាំកុរនេះ ក្រុមនិសិ្សតនៅសាលាតិចណូ បាននាំគ្នាសម្តែងយ៉ាងទាក់ទាញ ក្នុងចម្រៀងមរតកដើម របស់អ្នកស្រី រស់ សេរីសុទ្ធា មានចំណងជើងថា «អ្នកណាមិនរាំ» និងបទ «អូនរាំអាហ្គោហ្គោ» របស់លោក ស៊ីន ស៊ីសាមុត ដើម្បីជាការផ្សព្វផ្សាយ និងជូនដំណឹងដល់សាធារណៈជន ឱ្យបានជ្រាប់ពីកម្មវិធី សង្រ្កាន្តតិចណូនេះ។ ទោះមិនមែនជាតារាសម្តែងអាជីព តែនិស្សិតៗ បានសម្តែងបានយ៉ាងល្អនិងទាក់ទាញ ក្នុងចម្រៀងមរតកដើមខាងលើ ដោយមានការតុបតែងខ្លួន ដូចសម័យ សង្គម រាស្ត្រ និយម និងមានបង្ហាញស៊ីក្លូ ដែលជាយានជំនះដ៏ពេញនិយម នៅជំនាន់នោះទៀតផង។

គួរជម្រាប់ថា សង្ក្រាន្តឆ្នាំកុរ សាលាតិចណូ ក្នុងឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង ៨៖០០ ព្រឹក ដល់ម៉ោង ៩៖០០យប់ នៅទីតាំង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ ខណៈព្រឹត្តិការណ៍ គឺបើកឱ្យសាធារណៈជនចូលរួមរាំលេងកំសាន្ត និងលេងល្បែងប្រជាប្រិយភាពដោយសេរីផងដែរ៕