(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានអស់ឱកាសឡើងវគ្គបន្ដទាំងសោកស្ដាយ ក្នុងនាមជាម្ចាស់ផ្ទះវគ្គជម្រុះពូល H នៃពានរង្វាន់ AFC U23 Championship 2020 ក្រោយបន្ដចាញ់ក្រុមខ្លាំង U23 សាធារណរដ្ឋកូរ៉េ ៦-១ កាលពីយប់មិញ។ ប៉ុន្ដែទោះជាបែបនេះក្ដី ក៏គ្រូបង្វឹក Felix Dalmas មិនបន្ទោសកូនក្រុម តែផ្ទុយទៅវិញ លោកបានប្រកាន់ជំហរដដែល ដើម្បីជំរុញ និងលើកទឹកចិត្តកូនក្រុមទៀតផង។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះបាននិយាយក្រោយចប់ការប្រកួតថា «ដូចរាល់ដងអញ្ចឹង ខ្ញុំអាចនឹងនិយាយដដែលៗ គឺខ្ញុំស្រឡាញ់ និងជឿជាក់លើកីឡាករកម្ពុជា ពួកគេស្ថិតក្នុងដំណាក់កាលអភិវឌ្ឍខ្លួនទៅមុខ។ ការយកជ័យជម្នះជូនកម្ពុជា គឺតែងតែជាគោលបំណងសំខាន់របស់យើង ហើយថ្ងៃនេះក្រៅពីលទ្ធផល ខ្ញុំឃើញភាពរីកចម្រើននៃក្រុម ហើយយើងតែងតែចង់ឃើញស្នាមញញឹមអ្នកគាំទ្ររបស់យើង ដែលមកទស្សនាផ្ទាល់ និងនៅតាមគេហដ្ឋាន»

គួរបញ្ជាក់ថា ទោះបីត្រូវធ្លាក់ត្រឹមពូល H តែគោព្រៃជំទង់កម្ពុជា មិនទាន់បញ្ចប់ការប្រកួតទេ គឺត្រូវប្រកួតបង្គ្រប់កិច្ច ១ប្រកួតទៀត ជាមួយក្រុម U23 ឆាយនីសតៃប៉ិ នារាត្រីថ្ងៃទី២៦ ខែមីនាស្អែក។ ចំណែកក្រុមមានអាទិភាពខ្ពស់ នឹងឡើងវគ្គបន្ដរួមមានក្រុមកូរ៉េ និងអូស្ដ្រាលី ដែលក្រុមខ្លាំងទាំងពីរ នឹងត្រូវជួបគ្នាថ្ងៃស្អែក ដើម្បីប្រជែងកៅអីកំពូលតារាង និងកក់កៅអីវគ្គបន្ដ។ រីឯក្រុមឈរលេខ២ នឹងត្រូវរង់ចាំការវាយតម្លៃជាក្រុមលេខ២ ល្អជាងគេ ទើបអាចបន្ដដំណើរទៅឆ្នាំ២០២០ នៅប្រទេសថៃធ្វើជាម្ចាស់ផ្ទះបាន៕