(ភ្នំពេញ)៖ ជាការកត់សម្គាល់ កាលពីពេលថ្មីៗនេះ សមាគមភាពយន្តកម្ពុជា បានចេញលិខិតមួយ សម្តែងនូវការសោកស្តាយ ចំពោះស្ថានភាពបញ្ចាំងភាពយន្តខ្មែរ ក្នុងពេលបច្ចុប្បន្ន ដែលអនុញ្ញាត្តឱ្យមានការដាក់បញ្ចាំងភាពយន្តខ្មែរ ចំនួនពីររឿងក្នុងសប្តាហ៍តែមួយ រួមមាន រឿង «តន្រ្តីជីវិត» និង រឿង «ឯណាខ្មោច?»។ សកម្មភាពនេះ ត្រូវបានប្រធានសមាគមភាពយន្តកម្ពុជា លោក ព្រំ សិលា បញ្ជាក់ថាផ្ទុយពីការណែនាំ របស់នាយកដ្ឋានភាពយន្ត ព្រោះក្នុងមួយសប្តាហ៍ តម្រូវឱ្យភាពយន្តខ្មែរ ចាក់តែមួយរឿងប៉ុណ្ណោះ ដើម្បីកុំឱ្យមានការដណ្តើមអ្នកមើលគ្នា និងដើម្បីការពារ ក៏ដូចជាលើកតម្កើងវិស័យភាពយន្តរបស់ខ្មែរផងនោះ។

បើតាមប្រភពពីផលិតករម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ខាងព័ត៌មានយើងថា តាមពិតទៅរឿងខ្មែរទាំងពីរខាងលើ មិនបញ្ចាំងជាន់គ្នាទេ ព្រោះតាមកាលវិភាគ រឿង «តន្រ្តីជីវិត» ត្រូវចាក់ ថ្ងៃទី២១ និង រឿង «ឯណាខ្មោច» ចាក់ថ្ងៃ២៨ ប៉ុន្តែខាងរោងកុនក៏បានលើករឿង «ឯណាខ្មោច» ដែលត្រូវចាក់ថ្ងៃទី ២៨ ទៅថ្ងៃទិ ២១ វិញ ទើបជាន់គ្នា ចាក់ភាពយន្តខ្មែរពីររឿង ក្នុងពេលតែមួយ។ ផលិតកររូបនោះ បានបន្តថា ការលើកចុះឡើងនេះ ដោយសារតែ ថ្ងៃទី២៨ គឺជាន់នឹងរឿងធំរបស់ថៃ គឺរឿង «Friend Zone»។ សរុបសេចក្តីមក ផលិតកររូបនោះ បានឱ្យដឹងថា ការធ្វើបែបនេះពីសំណាក់រោងកុន គឺជាទង្វើរមិនសមរម្យនោះទេ ព្រោះហាក់បីមិនឱ្យតម្លៃភាពយន្តខ្មែរ និងអាចធ្វើឱ្យផលិកររឿងខ្មែរ អន់ចិត្តនឹងគ្នាទៀតផង។

តាមរយៈនេះ ក្នុងនាមជាប្រធានសមាគមភាពយន្តកម្ពុជា លោក ព្រំ សិលា បានឱ្យដឹងថា នេះគឺជាកំហុសមួយ ដែលមិនគួរឱ្យកើតឡើងម្តងទៀត នាពេលអនាគតនោះទេ ព្រោះថា ដើម្បីការពារភាពយន្តបរទេស ក៏ដាក់ភាពយន្តខ្មែរឱ្យបញ្ចាំងជាន់គ្នាបែបនេះទៅវិញ។ លោកថា ទោះបីជាខាងរោងកុន ជាអ្នកចាត់ចែងកាលវិភាគបញ្ចាំងរឿងក៏ដោយ តែគួរមានការយោគយល់ ចែកផ្លូវគ្នារស់ ជាពិសេសដើម្បីការពារ និងលើកតម្កើងភាពយន្តខ្មែរតែម្តង ស្របពេលដែលនាយកដ្ឋានភាពយន្ត និងក្រសួងពាណិជ្ជកម្ម ក៏ដូចជាស្ថាប័នពាក់ព័ន្ធ កំពុងធ្វើការយកចិត្តទុកដាក់លើបញ្ហានេះ។

ទន្ទឹមគ្នានេះ លោក ព្រំ សិលា បានសង្កត់ធ្ងន់ថា ជាវិធានការបន្ត ខាងសមាគមភាពយន្ត នឹងស្នើរទៅនាយកដ្ឋានភាពយន្ត ដើម្បីកោះប្រជុំរួមគ្នា ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក ពីភាគីពាក់ព័ន្ធ និងមានសេចក្តីសម្រេចណាមួយ ប្រកបដោយលក្ខណៈផ្លូវការ ព្រោះកន្លងទៅគ្រាន់តែជាសេចក្តីណែនាំ យោគយល់គ្នាប៉ុណ្ណោះ។

ក្នុងនាមជាប្រធានសមាគមភាពយន្តកម្ពុជា លោក ព្រំ សិលា នៅតែទទូចឱ្យគ្រប់ភាគីទាំងអស់ ព្យាយាមការពារភាពយន្តខ្មែរ ក្នុងដំណាក់កាល ដែលកំពុងមានការប្រកួតប្រជែងគ្នាខ្លាំង ជាមួយភាពយន្តបរទេស លើវិស័យឧស្សាហ៍កម្មភាពយន្តនេះ។ ជាពិសេសស្របពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី មានការយកចិត្តទុកដាក់ខ្ពស់ លើវិស័យភាពយន្តខ្មែរ ដូចជាការមិនយកពន្ធជាដើម។ លោកថា ទន្ទឹមនឹងនេះ គឺត្រូវមានការពង្រឹងភាពយន្តខ្មែរ ទាំងការផលិត និងបច្ចេកទេសនានា ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសដទៃ៕