(កូរ៉េ)៖ Jung Joon Young គឺជាតារាចម្រៀង K-Pop ដំបូងគេដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍កើតឡើងជុំវិញ រឿងរ៉ាវក្នុងក្លឹប Burning Sun ។ ថ្មីៗនេះ Jung Joon Young ត្រូវបានតុលាការសេអ៊ូលកោះហៅសាកសួរក្រោយពីមាន ការស្នើសុំដីកាចាប់ខ្លួនពីប៉ូលីសកាលពីថ្ងៃទី១៨ ខែមីនា ស្រាប់តែមិនបានប៉ុន្មានម៉ោងផងបន្ទាប់ពីសួរចម្លើយ តុលាការ ក៏បានចេញដីកាចាប់ខ្លួនតារាប្រុសរូបនេះភ្លាមៗដោយចោទប្រកាន់ពីបទលួចបង្កប់កាមេរ៉ាថតវីដេអូអាសអាភាសនិងចែកចាយរូបភាពទៅកាន់មិត្តភក្តិក្នុងក្រុមជជែកកំសាន្ត។

ដោយឡែក Kim បុគ្គលិករបស់ Burning Sun ក៏ត្រូវបានចាប់ ខ្លួនផងដែរបន្ទាប់ពីសួរចម្លើយរួច។ គួរបញ្ជាក់ថា មុនពេលចាប់ខ្លួនមានសេចក្តីរាយការណ៍ថា Jung Joon Young ជាប់ ពាក់ព័ន្ធក្នុង Group chat ជាមួយតារាល្បីជាច្រើនរួមមាន Seungri, Choi Jong Hoon និងមិត្ដភក្ដិមួយចំនួនទៀត។
ក្រោយមក តារាប្រុសរូបនេះបានសរសេរលិខិត និងឱនក្បាលសុំទោសអ្នកគាំទ្រក៏ដូចជាជនរងគ្រោះដោយសារទង្វើ អាក្រក់របស់ខ្លួនក្នុងការបង្កប់កាមេរ៉ាថតវីដេអូក្នុងអំឡុងពេលរួមដំណេកដោយគ្មានការព្រមព្រៀងជាមុន។
Jung Joon Young ជាប់ពាក់ព័ន្ធរឿងអាស្រូវផ្សេងទៀតដូចជាទទួលការផ្តល់សេវាពេស្យាចារជាអំណោយពី Yoo In Suk អតីត CEO ក្រុមហ៊ុន Yuri Holdings និងព្យាយាមសូកប៉ាន់ប៉ូលីសដើម្បីលុបបំបាត់ភស្តុតាងសំខាន់ៗជាច្រើន៕