(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Raheem Sterling ធ្វើបានហែតទ្រីកជាលើកដំបូងឲ្យក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ក្នុងជ័យជម្នះ ៥-០ ទៅលើក្រុមភ្ញៀវសាធារណរដ្ឋឆេក នៃវគ្គជម្រុះបើកឆាកពានរង្វាន់ជើងឯកអឺរ៉ុប UEFA Euro 2020 នារាត្រីថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កីឡាករមកពីក្លឹបមេឃខៀវ Manchester City ខាងលើបានស៊ុតគ្រាប់បើកឆាកនៅនាទី២៤ មុនពេលប្រធានក្រុម Harry Kane បន្ថែមគ្រាប់ទី២ នៅនាទី៤៥+២ ដោយបាល់ប៉េណាល់ទី និង២គ្រាប់បន្ថែមរបស់កីឡាករវ័យក្មេង Sterling កើតឡើងនៅនាទីទី៦២ និងនាទី៦៨។

យ៉ាងណាក៏ដោយការប្រកួតបានបន្តដល់នាទីទី៨៤ ខ្សែការពាររបស់ឆេក Kalas បានធ្វេសប្រហែសចូលទីខ្លួនឯងទៀត ក្នុងការបញ្ចប់លទ្ធផលផ្លូវការអង់គ្លេស ៥ និងសាធារណរដ្ឋឆេក ០។

តាមរយៈលទ្ធផលឈ្នះភ្លូកទឹកភ្លូកដីក្នុងផ្ទះរបស់ខ្លួនបានធ្វើឲ្យក្រុមរបស់លោក Gareth Southgate ឡើងទៅឈរនៅ លេខ១ ប្រចាំពូល A បណ្តោះអាសន្នក្នុងនាមជាក្រុមរកបាន ៣ពិន្ទុដំបូងគេក្នុងខណៈក្រុមបុលហ្គារី បានត្រឹម ១ពិន្ទុដូចគ្នាទល់នឹងម៉ុងតេនីក្រូ ក្រោយប្រកួតស្មើគ្នា ១-១ យប់មិញនេះដែរ៕