(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជា បានរបូត ៣ពិន្ទុទៅហើយ ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFC U23 Championship 2020 បន្ទាប់ពីប្រកួតចាញ់ក្រុមខ្លាំង U23 អូស្ដ្រាលី ដោយលទ្ធផល ៦-០ ក្នុងជំនួបបើកឆាកពូល H នារាត្រីថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

ជាមួយនឹងការបរាជ័យ ចំពោះមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៣,១១៨នាក់នេះ ក្រុមរហស្សនាមកង់ហ្គូរូ អូស្ដ្រាលី បានស៊ុតបំប៉ោងសំណាញ់ទីក្រុមគោព្រៃជំទង់កម្ពុជា ៤-០ នៅតង់ទី១ ។ ប៉ុន្ដែចូលតង់ទី២ គេឃើញក្រុម U23 កម្ពុជា ដែលដឹកនាំផ្ទាល់ដោយលោក Keisuke Honda បានផ្លាស់ប្ដូរទម្រង់លេងរាងល្អប្រសើរ តែមិនអាចវាយបកលើក្រុមអូស្ដ្រាលីបាននោះទេ ផ្ទុយទៅវិញ ត្រូវបានក្រុមភ្ញៀវបន្ថែម ២គ្រាប់ទៀត ដើម្បីទទួលបាន ៣ពិន្ទុតែម្ដង។

ចំពោះកម្មវិធីប្រកួតបន្ទាប់ ក្រុម U23 កម្ពុជា នឹងបន្ដជួបក្រុមខ្លាំងទៀត ពោលគឺក្រុម U23 សាធារណៈរដ្ឋកូរ៉េ ដែលទើបលត់ក្រុមឆាយនីសតៃប៉ិ ៨-០ កាលពីល្ងាចមិញ នាថ្ងៃទី២៤ ខែមីនាខាងមុខ ហើយនៅថ្ងៃជាមួយគ្នានោះ ក្រុម U23 អូស្ដ្រាលី ក៏នឹងត្រូវជួបក្រុមឆាយនីសតៃប៉ិ នៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់ AFC U23 Championship 2020 ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះ៕