(ភ្នំពេញ)៖ ជាការកត់សម្គាល់ វិស័យឧស្សាហ៍កម្មភាពយន្តកម្ពុជា កំពុងតែមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈមានភាពយន្តមួយចំនួន ត្រូវបានយកទៅចាក់បញ្ចាំងនៅប្រទេសក្រៅ និងយកទៅប្រកួតប្រជែកដាក់លក់លើទីផ្សារអន្តរជាតិផងដែរ។ ទោះបែបនេះក្តី ប៉ុន្តែបើយោងតាម អ្នកស្រី សរ កេសរា ម្ចាស់ផលិតកម្ម កេសរាភាពយន្ត និងប្រធានថ្មីសមាគមភាពយន្តកម្ពុជា បានឱ្យដឹងថា ខ្សែភាពយន្តរបស់កម្ពុជា មិនទាន់អាចកន្ទ្រាក់ទីផ្សារនៅលើឆាកអន្តរជាតិបានទេ ព្រោះសមត្ថភាពផលិតភាពយន្ត មិនទាន់អាចតម្រូវតាមទីផ្សារអន្តរជាតិបាននៅឡើយ។

ការអះអាងបែបនេះ បន្ទាប់ពីលោកស្រី ត្រឡប់មកពីចូលរួមក្នុងព្រឹត្តិការណ៍ Film art ឬ មហោស្រពភាពយន្តអន្តរជាតិ នៅទឹកដីហុងកុង។ អ្នកស្រី សរ កេសរា និងលោក រ៉េមី បានថ្លែងបញ្ជាក់នៅថ្ងៃទី២១ មីនា ឆ្នាំ២០១៩ ថ្មីៗនេះថា នៅក្នុងព្រឹត្តិការណ៍ គឺមានតាំងបង្ហាញលក់ភាពយន្ត ហើយកម្ពុជាពិតជាទទួលបានការទាក់ទាញខ្លាំង ក្នុងការបង្ហាញឱ្យអន្តរជាតិបានឃើញថា កម្ពុជាពិតជាមានភាពយន្តល្អៗ និងមានធនធានអ្នកផលិត ដែលអាចចាប់ដៃ ជាមួយផលិតករបរទេស ដើម្បីអាចផលិតភាពយន្តមួយ ដ៏ល្អ តាមការចង់បានរបស់ផលិតករបរទេសបាន។ ទោះបែបនេះក្តី អ្នកស្រី សរ កេសរា និងលោក រ៉េមី បានបញ្ជាក់ស្របគ្នាថា ធៀបនឹងប្រទេសទាំងអស់ ដែលបានយករឿង ទៅដាក់តាំងលក់នៅក្នុងព្រឹត្តិការណ៍នោះដូចគ្នា គឺកម្ពុជាអាចជាប់ជាប្រទេស មិនទាន់មានភាពយន្តណាមួយ ត្រូវបានផលិតករបរទេស ទិញយកទៅផលិត ឬទិញយកទៅប្រើជាភាពយន្ត ផ្ដាច់មុខរបស់ប្រទេសណាមួយ ដូចគ្នានឹងប្រទេសផ្សេងៗនោះទេ។

អ្នកស្រី សរ កេសរា បន្តថា ភាពយន្តរបស់កម្ពុជា នៅមិនទាន់ត្រូវបានប្រទេសណាមួយសុំទិញតាមរយៈ វេទិកាដែលបានតាំងស្តង់នៅក្នុងទីក្រុងហុងកុងនោះទេ ប៉ុន្តែអ្នកស្រី កត់សម្គាល់ថា ផលិតករបរទេសជាច្រើន ចាប់ផ្ដើមដឹងពីកម្ពុជា យល់ពីកម្ពុជា ថាយើងមានសមត្ថភាពអាចផលិតរឿង តាមការចង់បានរបស់គេបាន។ អ្នកស្រីថា ព្រឹត្តិការណ៍ «Film art» ដែលទើបបញ្ចប់ នៅក្នុងទឹកដីហុងកុងនៅឆ្នាំ២០១៩នេះ កម្ពុជាអត់មានតម្រុយលក់រឿងដាច់ទេ ប៉ុន្តែផលិតករបរទេស អាចនឹងពិចារណាឱ្យភាពយន្តរបស់ខ្មែរ ទៅដាក់បញ្ចាំងក្នុងរោងភាពយន្តទំនើបៗរបស់គេ ប្រសិនបើយើងចង់យករឿងណាមួយ ទៅបញ្ចាំងលក់សំបុត្រ ហើយស្នើតាមរយៈផលិតករទាំងនោះ។ អ្នកស្រីថា កម្ពុជាបើចង់ លក់រឿងបានក្នុងទីផ្សារអន្តរជាតិ គឺលុះត្រាតែប្ដូរការផលិតពីរឿងបែបកំប្លែង និងរឿងបែបខ្មោច ទៅជារឿងបែប Action ជំនួសវិញ ដោយអ្នកស្រីបង្ហើបថា ប្រទេសជិតខាងរបស់កម្ពុជា គេមានទិន្នន័យលក់រឿងបានតម្លៃខ្ពស់ៗ មិនធម្មតានោះទេ ព្រោះតែគេមានសមត្ថភាពផលិត រឿងតម្រូវតាមទីផ្សារអន្តរជាតិ។

បន្ថែមពីនេះ ម្ចាស់ផលិតកម្ម កេសរាភាពយន្ត ធ្វើការកត់សម្គាល់ថា ព្រឹត្តិការណ៍ «Film art» នៅហុងកុង គឺជាការដាក់បង្ហាញលក់រឿងជាអន្តរជាតិ ដោយភាពយន្តណាដែលគេពេញចិត្ត គឺគេនឹងចចារទិញក្នុងតម្លៃមួយខ្ពស់ ដើម្បីយកទម្រង់រឿងទាំងមូល ទៅផលិតតាមលំនាំទាំងស្រុង ឬទិញយកទៅធ្វើចរាចរដាក់បញ្ចាំងលក់នៅក្នុងប្រទេសរបស់គេតែម្ដង។ រឿងនីមួយៗ គឺអ្នកផលិតអាចទារបានតម្លៃខ្ពស់ៗតាមការចចារ។ ដោយឡែក ងាកមកភាពយន្តកម្ពុជា គេអាចនឹងចាប់អារម្មណ៍ទិញ ប្រសិនប្ដូរការផលិតឱ្យត្រូវនឹងការចង់បានរបស់ទីផ្សារអន្តរជាតិ ដូចដែលអ្នកស្រីលើកឡើង។

លោក រ៉េមី ក៏បានអះអាងដែរថា ដ្បិតតែកម្ពុជាមិនរំពឹងពីការលក់រឿងបាននៅក្នុងឆ្នាំនេះ តែផ្លែផ្កាដែលក្រុមផលិតករសម្រេចបាន គឺការទំនាក់ទំនង និងគោលដៅផលិតភាពពយន្តច្រើនឡើង ពីសំណាក់បរទេសនៅកម្ពុជា។ លោកទទូចឱ្យបណ្ដាផលិតករ ដែលមានសកម្មភាពផលិតភាពយន្ត ចូលរួមតាំងស្តង់បង្ហាញរឿង នៅក្នុងព្រឹត្តិការណ៍បែបនេះឱ្យបានច្រើនៗ ដើម្បីឱ្យមានភាពអឹកអធឹក កុំឱ្យកម្ពុជាមានតែមួយស្ដង់ៗម៉ង់ៗដូចឆ្នាំនេះ៕