(ក្រុងតូរីន)៖ កីឡាករខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ដែលហៅកាត់ថា UEFA ពិន័យជាទឹកប្រាក់ប្រមាណ ២០០០០អឺរ៉ូ ស្មើនឹង ២២៣៥០ដុល្លារអាមេរិក ពីបទលេងស្ទីលអបអរក្រោយស៊ុតបញ្ចូលទីគូប្រកួត Atletico Madrid ដោយមិនសមរម្យកាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

តាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយថា កីឡាករសញ្ជាតិព័រទុយហ្គាល់ វ័យ៣៤ឆ្នាំរូបនេះ បានធ្វើត្រាប់តាមការអបអររបស់លោក Diego Simeone គ្រូបង្វឹក Atletico បន្ទាប់ពីរកបានគ្រាប់ទី៣ ឲ្យក្រុមម្ចាស់ផ្ទះ Juventus ក្នុងជ័យជម្នះ ៣-០ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដែលត្រូវបានចាប់ឆ្នោតប៉ះក្រុមហូឡង់ Ajax។

សូមរំលឹកផងថា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Simeone បានធ្វើស្ទីលអបអរដោយមិនសមហេតុផលនេះ បន្ទាប់ពីកូនក្រុម Atletico Madrid បានយកឈ្នះក្រុមអ៊ីតាលី Juventus ២-០ កាលពីជើងទី១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ​ នៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League នៅទឹកដីអេស្ប៉ាញ ដែលត្រូវបាន UEFA ពិន័យជាទឹកប្រាក់ ២២០០០ដុល្លាររួចមកហើយ។

ក្រៅពីន័យជាទឹកប្រាក់ អតីតកីឡាករនៃក្លឹប Real Madrid និង Manchester United ខាងលើនេះ មិនជាប់បម្រាមព្យួរជើងនោះឡើយ មានន័យថា រូបគេអាចចូលលេងបានធម្មតាក្នុងប្រកួត Juventus ប៉ះ Ajax នាខែក្រោយជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ៕