(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បាននាំយកថវិការបស់រាជរដ្ឋាភិបាលចំនួន ៤៧៥.៣០០.០០០រៀល ប្រគល់ជូនក្រុមអត្តពលិកផ្នែកកីឡាវ៉ូវីណាម និងកីឡាគុនដាវ បន្ទាប់ពីកីឡាទាំង ២ប្រភេទនេះ ដណ្ដើមបានមេដាយពីការប្រកួតកីឡាជើងឯកអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០១៨។ កម្មវិធីនេះ ធ្វើឡើងក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកាលពីព្រឹកមិញ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឆ្លងក្នុងឱកាសនោះ លោក ស សុខា បានថ្លែងកោតសរសើរ និងលើកទឹកចិត្ដដល់កីឡាករ-កីឡាការិនី ត្រូវបន្ដកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលរួមប្រកួត និងដណ្ដើមមេដាយលើឆាកអន្ដរជាតិជូនជាតិកាន់តែច្រើន ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ បន្ថែមលើនេះ លោកក៏ស្នើឲ្យកីឡាករ-កីឡាការិនីម្នាក់ៗ ត្រូវរក្សាឆន្ទៈខំប្រឹង ចៀសវាងការមានជំងឺតួឯក ដែលធ្វើឲ្យសមិទ្ធផលមានការធ្លាក់ចុះផងដែរ។

គួរបញ្ជាក់ថា កីឡាវ៉ូវីណាម គឺដណ្ដើមបានមេដាយមាស៦ ប្រាក់៦ និងសំរឹទ្ធ១៤ ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ នៅប្រទេសមីយ៉ាន់ម៉ាកាលពីខែសីហា ឆ្នាំ២០១៨។ ចំណែកកីឡាគុនដាវវិញ ដណ្ដើមបានមេដាយសំរឹទ្ធ ៣គ្រឿង ក្នុងការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០១៨៕