(ភ្នំពេញ)៖ នរណាជា សំ ថារ័ត្ន? ពិតណាស់ ចំពោះបងប្អូន ដែលនិយមតាមដានវិស័យប្រដាល់ ឬកីឡាគុនខ្មែរ ប្រាកដជាស្គាល់កញ្ញាច្បាស់ហើយ ព្រោះកីឡាការិនីសម្បុរស្រអែមរូបនេះ មានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ក្នុងពិភពក្បាច់ គុន ល្បុក្កតោកម្ពុជា និងកីឡាវៃក្នុងទ្រុង។ អ្វីដែលពិសេសនោះ កីឡាការិនីរូបនេះ ក៏ត្រូវបានគេដឹងថាមានសមត្ថភាពមិនធម្មតានោះដែរ ដោយនាងបានក្លាយជាកីឡាការិនី ជម្រើសជាតិ ល្បុក្កតោ ប្រើពេល១ទឹកប៉ុណ្ណោះ ក្នុងការផ្តួលម្ចាស់ផ្ទះថៃ ឱ្យសុំចុះចាញ់ កាលពីពេលកន្លងមក។ លើសពីនេះ នាងក៏បានទៅ​ប្រកួតនៅប្រទេសក្រៅជាច្រើនផងដែរ មានទាំងជ័យជំនះត្រឡប់មកវិញ និងភាពបរាជ័យ។ ផ្ទុយទៅវិញ តើមានឧបសគ្គ និងរឿងរ៉ាវអ្វីខ្លះ នៅពីក្រោយខ្នង កញ្ញា សំ ថារ័ត្ន ក្នុងនាមជាស្រី្តខ្មែរ ប្រើប្រាស់ជីវិតហាត់ ក្បាច់ គុន ល្បុក្កតោ ខុសពីនារីដទៃ?

ជាក់ស្តែង មាននារីមិនច្រើននាក់នោះទេ ដែលបានជ្រើសរើសផ្លូវដើរ ដោយការហាត់រៀន និងប្រកបរបរជាអ្នកក្បាច់ គុន ល្បុក្កតោ ដូចកញ្ញា សំ ថារ័ត្ន ព្រោះរបរនេះ គឺមានភាពលំបាកយ៉ាងខ្លាំង សម្រាប់ស្ត្រីក្នុងការហាត់រៀន។ ជាមួយគ្នានេះ ស្រ្តីភាគច្រើនក៏មិនមានចំណងចំណូលចិត្ត ជ្រើសរើសការវៃតប់គ្នា បែបនេះជារបរផ្ទាល់ខ្លួននោះដែរ ដោយពួកគេគិតថា ឈឺសាច់ ឬខួចសម្រស់ជាដើម។ ផ្ទុយទៅវិញ នៅតែមានស្រ្តីមួយចំនួន ដូចជា កញ្ញា សំ ថារ័ត្ន ជាដើម បានជ្រើសរើសយករបរនេះ ដោយការចូលចិត្ត និងចង់អភិរក្ស ថែមរក្សា ក្បាច់គុនលល្បុក្កតោខ្មែរ ដែលជាមរកតដូចតាបានបន្សុលឱ្យ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងឧបសគ្គជាអ្នកក្បាច់គុន ក្នុងនាមជាស្ត្រី និងបញ្ហានៅពីក្រោយខ្នងនានា ដែលទស្សនិកជនមិនទាន់បានដឹង កញ្ញា សំ ថារ័ត្ន នឹងចូលខ្លួនមកបកស្រាយ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕