(ភ្នំពេញ)៖ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF (International Taekwondo Federation) កម្ពុជា លោក កែវ រ៉េមី បានបង្ហាញឆន្ទៈធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតតេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ក្នុងនោះសហព័ន្ធក៏ធ្លាប់បានរៀបចំជើងឯកប្រចាំតំបន់លើកទី១ ម្ដងដែរ។

នៅឆ្នាំ២០២០ ខាងមុខនេះ សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា អាចនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជា លើកទី២ ប្រសិនបើមានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា ដោយតេក្វាន់ដូ អាយ ធី អេហ្វ នឹងទៅចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារី ដែលព្រឹត្តិការណ៍នេះនឹងធ្វើឲ្យកីឡាករកម្ពុជា កាន់តែមានឱកាសសម្រួចសមត្ថភាពរបស់ខ្លួនសម្រាប់ការប្រកួតជើងឯកថ្នាក់តំបន់នាឆ្នាំ២០២០ ខាងមុខ។

កាលពីឆ្នាំ២០១៦ ក្នុងឱកាសដែលសហព័ន្ធតេក្វាន់ដូ ITF អាស៊ាន បានបង្កើតជាលើកដំបូងនោះសមាជិកទាំងអស់បានឯកភាពគ្នា រៀបចំការប្រកួតថ្នាក់តំបន់ជាលើកដំបូង ដែលមានការប្រកួត ១៨វិញ្ញាសាដាក់ឲ្យប្រកួត ហើយកម្ពុជាដណ្ដើមយកមេដាយមាសទាំងអស់តែម្ដង។

នេះបើតាមការចេញផ្សាយដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា ឯកភាពឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី ២ទៀតនោះកម្ពុជានឹងបង្ហាញពីភាពខ្លាំងរបស់ខ្លួន សម្រាប់ការប្រកួតប្រជែងក្នុងកម្រិតតំបន់ឲ្យបានបន្តទៀត ខណៈអគ្គនាយកដ្ឋានកីឡា លោក អ៊ុក សិទ្ធិជាតិ បានស្វាគមន៍ចំពោះការធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះផងដែរ៕