(ភ្នំពេញ)៖ ការប្រកួតដំបូងនៅកីឡដ្ឋាន RSN កាលពីថ្ងៃសៅរ៍កន្លងផុតទៅនេះ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានប្រកួតចាញ់ក្រុមភ្ញៀវបឹងកេតអែហ្វស៊ី ក្នុងលទ្ធផល ២-៣ ខណៈកីឡាករចាំទីវ័យក្មេង សាវែង សំណាង បានសម្តែងអារម្មណ៍សោកស្តាយដែលខ្លួនធ្វើមិនបានល្អ ចំពោះការប្រកួតបើកឆាករបស់ខ្លួននៅរដូវកាលថ្មីនេះ។

សំណាង បាននិយាយថា «ខ្ញុំសោកស្តាយ ដែលខ្ញុំមិនអាចជួយក្រុមឲ្យឈ្នះការប្រកួតដំបូងនេះ។ ក្រុមរបស់យើងមានឱកាសច្រើន តែយើងគ្មានសំណាងក្នុងការដណ្តើមយកជ័យជម្នះ។ ចំពោះខ្ញុំវិញ ខ្ញុំរៀនសូត្របានចំណុចបន្ថែមទៀត ចំពោះការខ្វះខាតរបស់ខ្លួនខ្ញុំផ្ទាល់ និងក្រុមរបស់យើង»

អ្នកចាំទីដែលកំពុងតែបំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំរូបនេះបានបញ្ជាក់ថា ចំពោះការបង្ហាញខ្លួនជាមួយក្រុម ក្នុងការប្រកួតបន្តបន្ទាប់ រូបគេនឹងខំប្រឹងធ្វើឲ្យបានខ្លាំងក្លាជាងនេះទៅទៀត ដើម្បីជួយក្រុមទទួលបានជ័យជម្នះ ហើយក៏ព្យាយាមកែប្រែចំណុចខ្វះខាតនាបច្ចុប្បន្នដែរ៕