(តូក្យូ)៖ ប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុន (JOC) លោក Tsunekazu Takeda ប្រកាសលាលែងពីតំណែងនាថ្ងៃ អង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រោយពេលផ្ទុះរឿងពុករលួយជុំវិញទទួលសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវកាលក្តៅ 2020 Tokyo Olympic Games។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ថ្មីៗនេះដែរ លោក Takeda ក៏ត្រូវបានស៊ើបអង្កេតដោយសហក្រុមប្រឹក្សា នៃប្រទេសបារាំងជុំវិញលុយសំណូកប្រមាណ ២លានអឺរ៉ូ ស្មើនឹង ២.២៧លានដុល្លារអាមេរិក ដើម្បីធានាបានជប៉ុនឈ្នះឆ្នោតធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អូឡាំពិករដូវកាលក្តៅ ឆ្នាំ២០២០ ដែលនឹងធ្វើឡើងនៅទីក្រុងតូក្យូ នាឆ្នាំក្រោយនេះ បន្តពីទីក្រុង Rio នៃប្រទេសប្រេស៊ីល ក្នុងឆ្នាំ២០១៦។

ទីក្រុងតូក្យូ នៃប្រទេសស្ថិតក្នុងទ្វីបអាស៊ី បានឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ 2020 Olympic Games បន្ទាប់ពីយកឈ្នះគូប្រជែងទីក្រុង Madrid នៃប្រទេសអេស្ប៉ាញ និងទីក្រុង Istanbul ប្រទេសតួកគី ដែលស្ថិតក្នុងទ្វីប អឺរ៉ុបដូចគ្នានៅជុំផ្តាច់ព្រ័ត្រក្នុងការបោះឆ្នោតនាឆ្នាំ២០១៣។

ភ្លាមៗក្រោយប្រកាសចុះចេញពីតំណែង លោក Takenda បានថ្លែងថា «ខ្ញុំមិនជឿថា ខ្ញុំបានធ្វើរឿងខុសនឹងច្បាប់នោះទេ។ ខ្ញុំមានអារម្មណ៍ឈឺចាប់ ប្រសិនបើខ្ញុំបានសាងរឿងទាំងអស់នេះឡើយ ក៏ប៉ុន្តែខ្ញុំគិតថា នេះជាការទទួលខុសត្រូវ របស់ខ្ញុំ នៅពេលដែលរូបខ្ញុំកាន់តំណែងនេះ»

សូមបញ្ជាក់ផងថា អាណត្តិរបស់លោក Tsunekazu Takeda នឹងផុតសុពលភាពនៅខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីរូប លោកចូលកាន់តំណែងកាលឆ្នាំ២០០១ មក៕