(តិចសាស់)៖ ខ្លាកំណាចប្រចាំទ្វីបអាស៊ី Manny Pacquiao បានយល់ព្រមក្នុងការឡើងប្រកួតទល់នឹងកីឡាករ Errol Spence Jr ដែលទើបតែឡើងការពារខ្សែក្រវាត់ទម្ងន់មធ្យម IBF ជាលើកទី៣ ទល់នឹងគូប្រជែង Mikey Garcia កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដោយមាន Pac Man ចូលរួមទស្សនាផងដែរ។

តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសបានចេញផ្សាយថា កីឡាករទាំងពីរបានចាប់ដៃ និងជជែកគ្នាបន្ទាប់ពី Spence ទទួលបានជ័យជម្នះដោយពិន្ទុឯកច្ឆន្ទទៅលើដៃគូ Garcia ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ IBF ដែលជាជ័យ ជម្នះលើកទី២៥ដងមិនដែលចាញ់របស់កីឡាករ Spence វ័យ២៩ឆ្នាំដែលមានសញ្ជាតិអាមេរិក។

Spence បានថ្លែងនៅចំពោះចៅក្រមទាំង៣ និង Pacquiao ថា «យើងដឹងហើយថា គាត់ជានិមិ្មត្ររូបនៅក្នុងកីឡា ហើយជាកិត្តិយសខ្លាំងណាស់សម្រាប់ខ្ញុំ ដែលបានប្រកួតទល់នឹងគាត់»

ភ្លាមៗនោះដែរ បុរសកូន ៥នាក់ជនជាតិហ្វីលីពីន Manny Pacquiao ក៏បានឆ្លើយតបដោយញញឹមផងថា «ហេតុអ្វីមិនអាច? យើងនឹងធ្វើឲ្យមានការប្រកួតដ៏អស្ចារ្យមួយសម្រាប់អ្នកគាំទ្ររបស់ពួកយើង»

សូមរំលឹកផងថា Manny Pacquiao ដែលកំពុងគ្រប់គ្រងខ្សែក្រវាត់ WBA ក្នុងដៃផងនោះ ក៏ធ្លាប់ដណ្តើមបានខ្សែក្រវាត់ IBF ផងដែរនៅចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០០៤ ក្នុងចំណោមការឡើងសង្វៀនចំនួន ៧០ប្រកួត ដោយក្នុងនោះធ្លាប់ឈ្នះ៦១ដង ស្មើ២ដង ចាញ់ ៧ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ៣៩ដង គិតចាប់តាំងពីឆ្នាំ១៩៩២មក៕