(ភ្នំពេញ)៖ ក្រុមវិសាខា មិនអាចផ្ដួលក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប គឺសូលទីឡូអង្គរបានឡើយ ក្រោយឆ្លងកាត់ការប្រកួត ៩០នាទីស្មើគ្នា ០-០ ក្នុងជំនួបបើកឆាកលីគកំពូលកម្ពុជា សប្ដាហ៍ទី១ កាលពីចុងសប្ដាហ៍កន្លងទៅ។ បន្ទាប់ពីចប់ការប្រកួតលោក ហុក សុជីវ័ន គ្រូបង្វឹកវិសាខាបានលើកឡើងថា ដោយសារការបញ្ចប់ទី ធ្វើមិនទាន់បានល្អនៅឡើយ។

គ្រូបង្វឹកកម្រិត A-License រូបនេះបាននិយាយថា «អ្វីដែលយើងបានរៀបចំ យើងធ្វើបានច្រើន តែអ្វីក៏អាស្រ័យលើភាពជាក់ស្ដែងដែរ។ ចំពោះការការពារ យើងធ្វើបានល្អច្រើន តែអ្វីដែលយើងមិនស៊ីចង្វាក់គ្នា គឺតំបន់ប្រយុទ្ធ។ ពួកគាត់ធ្វើបាន តែការសម្រេចទីចុងក្រោយ មិនសូវបានផល និយាយជារួមពេលខ្លះ ក៏វាអាស្រ័យលើការរៀបចំ និងសំណាងដែរ ប៉ុន្ដែយើងនឹងព្យាយាមរៀបចំឲ្យកាន់តែល្អសម្រាប់ប្រកួតក្រោយៗ»

ប៉ុន្ដែលោក ហុក សុជីវ័ន នៅតែមានជំនឿចិត្ដខ្ពស់ក្នុងរដូវកាលថ្មីនេះ ដ្បិតប្រកួតដំបូងមិនសូវសមប្រកបក៏ដោយ។ លោកថា «បាល់ទាត់យើងមិនអាចដឹងលទ្ធផលចុងក្រោយតាមរយៈលទ្ធផលប្រកួតដំបូងនោះទេ អត់មានអ្នកស្មានត្រូវថា ក្រុមមួយអាចឈ្នះគ្រប់ការប្រកួតឡើយ។ តែអ្វីដែលសំខាន់ គឺយើងមិនបោះបង់នោះទេ ពេលខ្លះលទ្ធផលល្អ ឬមិនល្អពីដំបូង ក៏ជាកត្ដាជំរុញកីឡាករឲ្យប្រឹងប្រែងកាន់តែខ្លាំង សម្រាប់ការប្រកួតបន្ទាប់ដែរ»

គួរបញ្ជាក់ថា សប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ក្រុមរកបាន ៣ពិន្ទុមុនគេ រួមមានក្រុមបឹងកេត, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង, គិរីវង់សុខសែនជ័យ និងខេត្តកំពង់ចាម។ ចំណែកក្រុមរកបាន ១ពិន្ទុ រួមមានក្រសួងការពារជាតិ ប្រកួតស្មើក្រុមអង្គរថាយហ្គឺរ ១-១ និងក្រុមវិសាខា ប្រកួតស្មើក្រុមសូលទីឡូអង្គរ ០-០ នេះឯង៕