(ភ្នំពេញ)៖ ក្រោយចប់ការប្រកួតលោក Leonardo Victorino គ្រូបង្វឹកឈុតធំក្រុមភ្នំពេញក្រោនបានយល់ឃើញថា ការប្រកួតនេះគឺជាការប្រកួតដ៏ល្អមួយសម្រាប់ក្រុមទាំងពីរ ប៉ុន្តែយើងខ្វះសំណាងក្នុងការដណ្តើមយកជ័យជម្នះលើប្រកួតដំបូងនេះ។

គ្រូជនជាតិប្រេស៊ីលរូបនេះបានលើកឡើងថា «ចំពោះចំណុចខ្វះខាតរបស់យើងនោះគឺ យើងត្រូវតែធ្វើការឲ្យមានប្រសិទ្ធភាពច្រើនជាងនេះ ពោលគឺនៅពេលដែលយើងមានឱកាសគឺយើងត្រូវតែរកគ្រាប់បាល់បានតែម្តង ជារួមការប្រកួតនេះយើងលេងបានល្អ ក្រុមយើងលេងយល់ចិត្តគ្នា ប៉ុន្តែយើងសម្រេចទីមិនច្បាស់ បឹងកេតមានឱកាសបីលើកគេរកបាន ៣គ្រាប់ យើងមានឱកាសបួនទៅប្រាំលើក តែបែរជារកបានត្រឹមតែពីរគ្រាប់»

អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជារូបនេះបន្តថា «វាជាការប្រកួតអស្ចារ្យសម្រាប់ប្រកួតដំបូងរបស់យើង ក្រុមរបស់យើងបង្កើតឱកាសជាច្រើន ប៉ុន្តែយើងមិនមានសំណាង។ បឹងកេតបង្កើតឱកាសតែ ៣លើកប៉ុណ្ណោះ ហើយគេក៏រកបាន៣គ្រាប់តែម្តង។ ពួកគេគឺមានសំណាងជាងពួកយើង ដូច្នេះអ្វីដែលយើងត្រូវធ្វើនោះគឺត្រូវតែពង្រឹងក្រុមបន្ថែមទៀត វាដូចអ្វីដែលខ្ញុំបានលើកឡើងនៅមុនពេលប្រកួតថាវាជាការប្រកួតមួយដែលលំបាកសម្រាប់ពួកយើង ប៉ុន្តែខ្ញុំនៅតែមានជំនឿចិត្តលើកីឡាកររបស់យើងថា ពួកគេនឹងកែប្រែឲ្យកាន់តែល្អជាងនេះទៅទៀតក្នុងកំឡុងពេលលីគកំពូលនេះ»

គួរបញ្ជាក់ផងថា ការប្រកួតរវាងក្រុមទាំងពីរនេះ គឺជាការប្រកួតបើកឆាកនៃលីគកំពូលកម្ពុជា សម្រាប់សប្តាហ៍ទី១ តែក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនធ្វើមិនបានល្អសម្រាប់ការប្រកួតដំបូងដែលប្រកួតចាញ់ក្រុមបឹងកេតនៅក្នុងដីរបស់ខ្លួន៕